អាមេរិក៖ ក្រុមអាជ្ញាធររដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក បានសាសង់របងបន្លាលួសកាលពីថ្ងៃចន្ទ ទី២១ខែសីហា នៅតាមបណ្ដាយព្រំដែនជាប់ជាមួយប្រទេសម៉ិកស៊ិក ដើម្បីបញ្ឈប់ក្រុមជនអន្តោប្រវេសន៍មកពីទ្វីបអាមេរិក ។
ឆ្មាំជាតិបានចងខ្សែលួសបន្លាភ្លាប់នឹងរបងព្រំដែន និងតាមបណ្តោយច្រាំងទន្លេនៃទីក្រុង អេល ផាសូ (El Paso) រដ្ឋ តិចសាស (Texas) ក្បែរទីក្រុង ស៊ីដាដ ខ្វារ៉េស (Ciudad Juarez) ប្រទេសម៉ិកស៊ិក។
រដ្ឋាភិបាលរបស់រដ្ឋក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បានធ្វើរបង បិទផ្លូវ នៅតាមច្រាំងទន្លេនានា ដើម្បីទប់ស្កាត់ការជ្រៀតចូលរបស់ក្រុមជនអន្តោប្រវេសន៍ពីប្រទេសម៉ិកស៊ិក ដែលឆ្លងកាត់ទន្លេនេះ។
វិធានការចុងក្រោយបង្អស់របស់អភិបាលសាធារណរដ្ឋ លោក ក្រេក អាប៊ុត (Greg Abbott) បានពង្រីករបាំងដោយប្រើពោងបណ្ដែតទឹកពណ៌ទឹកក្រូចដ៏ធំនៅក្នុងទន្លេនេះ ។
ក្រសួងយុត្តិធម៌បានប្ដឹងរដ្ឋតិចសាស់ ជុំវិញការតវ៉ាដោយចោទថារដ្ឋតិចសាស់បានដំឡើងពោងបណ្ដែតទឹកដោយគ្មានការយល់ព្រមពីសហព័ន្ធត្រឹមត្រូវ និងការសិក្សាអំពីផលប៉ះពាល់របស់ពោងទាំងនោះលើសុវត្ថិភាពសាធារណៈ និងបរិស្ថាន។
រយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមជនអន្តោប្រវេសន៍ បានឆ្លងកាត់ទន្លេនេះពីប្រទេសម៉ិកស៊ិក ទៅកាន់ទីក្រុង អ៊ូហ្គល ផាស (Eagle Pass) របស់សហរដ្ឋអាមេរិក ជាផ្នែកមួយនៃការកើនឡើងខ្ពស់នៃចំនួនជនអន្តោប្រវេសន៍ ដែលឆ្លងកាត់ដោយខុសច្បាប់ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ៕

