ភ្នំពេញ៖ ក្រុមសហជីព និងកម្មករនិយោជិតក្នុងវិស័យកាត់ដេរ បានបង្ហាញ ជំនឿជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជាក្នុងអាណិត្តទី៧នេះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ខាងមុខនឹងអាចកើនឡើងដូចរៀងរាល់ឆ្នាំ និងអាចកើនលើសពីចំនួន ២០០ ដុល្លារផងដែរ។
លោក អន សាខន អនុប្រធានសហព័ន្ធសហជីពសំឡេងយុវជនខ្មែរ ថ្លែងប្រាប់ ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៣ សីហា ឆ្នាំ២០២៣នេះថា កម្មវិធី និងជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ក៏ដូចជាកម្មករនិយោជិត។ដូច្នេះសហជីព និងកម្មករនិយោជិតសង្ឃឹមថា រាជរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងអនុវត្តបានរឹតតែប្រសើរថែមទៀតចំពោះកម្មវិធីនយោបាយ ដែលបានដាក់ចេញ និងតាមមាគ៌ាដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលអនុវត្តកន្លងមក។ ជាពិសេសការយកចិត្តទុកដាក់ក្នុងការបន្តដំឡើងប្រាក់ឈ្នួលអប្បបរមា និងការពារប្រាក់អត្ថប្រយោជន៍ផ្សេងទៀតចំពោះកម្មករ និយោជិត។
ស្រដៀងគ្នាខាងលើនេះ កម្មករ កម្មការិនី រោងចក្រកាត់ដេរសំលៀកបំពាក់ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពួកគេនៅតែទទួលបានការមើលថែលើគ្រប់ផ្នែករួមទាំងសុខុមាលភាព និងការរស់នៅ។ កម្មករកម្មការិនី ជឿជាក់ទៀតថា តាមរយៈកិច្ចចចារប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ នឹងមានឱកាសទទួលបានក្នុងការដំឡើងថែមទៀត ដោយសារការដឹកនាំរបស់នាយករដ្ឋមន្រ្តីថ្មី គឺចេញពីគណបក្សប្រជាជនកម្ពុជា។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែសីហានេះ ក្នុងកិច្ចប្រជុំនៃរដ្ឋសភានីតិកាលទី៧ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជាបានប្ដេជ្ញា បន្តជំរុញការដំឡើងប្រាក់ឈ្នួលអប្បបរមា និងប្រាក់អត្ថប្រយោជន៍ផ្សេងទៀត ព្រមជាមួយនឹងការកែលម្អលក្ខខណ្ឌការងារ និងការការពារអាជីពជូនកម្មករ និយោជិតផងដែរ៕ អត្ថបទ៖ឈិត បូរ៉ាវី ,