ភ្នំពេញ ៖មន្រ្តី ឃុំ-សង្កាត់ នៅទូទាំងប្រទេស កំពុងចុះស្រង់ទិន្នន័យអ្នកបម្រើការនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ ក្នុងមូលដ្ឋាន ដើម្បីកត់ត្រាចំនួនជាក់លាក់ ត្រៀមធ្វើការចុះសម្ភាសន៍ផ្ដល់បណ្ណសមធ៌មជូនពួកគេ។
ក្រោយពីបើកយុទ្ធនាការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ កាលពីថ្ងៃទី១១និងថ្ងៃទី១២ខែសីហា កន្លងទៅនេះ អាជ្ញាធរតាមឃុំ-សង្កាត់នីមួយៗ ក៏បន្តចុះស្រង់ទិន្នន័យក្រុមគោលដៅទាំងនោះនៅតាមទីតាំងសេវាកម្សាន្តនានាដោយផ្ទាល់នៅទូទាំងប្រទេស។ ជាក់ស្ដែងសម្រាប់អាជ្ញាធរសង្កាត់ ស្ទឹងមានជ័យទី ២ ក៏បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីយុទ្ធនាការ និងស្រង់ទិន្នន័យអ្នកបម្រើការងារនៅតាម រង្គសាល ឌីស្កូតែត ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
លោក ទូច សំអុល ជាចៅសង្កាត់ស្ទឹងមានជ័យទី ២ ថ្លែងថា នេះជាការងារសំខាន់ដើម្បីប្រាកដថាអ្នកបម្រើការងារនៅតាមសេវាកម្សាន្តក្រៅប្រព័ន្ធ អាចទទួលបាននូវអត្ថប្រយោជន៍ដែលរាជរដ្ឋាភិបាលផ្ដល់ជូន។
លោកបន្តថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋាននឹងជួយលើការងារធ្វើឯកសារនានា ពិសេសឯកសារបញ្ជាក់ទីលំនៅ រឺបញ្ជាក់អត្តសញ្ញាណជាដើម ដើម្បីសម្រួលដល់ការធ្វើសម្ភាសន៍ផ្ដល់បណ្ណក្រីក្រនាពេលខាងមុខ។
បើតាមឯកឧត្តម កែវ អ៊ូលី ប្រធាននាយកអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃក្រសួងផែនការ បានឱ្យដឹងថា ការសម្ភាសន៍ផ្ដល់បណ្ណសមធម៌ ជូនអ្នកបម្រើការងារនៅតាមសេវាកម្សាន្តសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអាចចាប់ផ្ដើមក្នុងអំឡុងចុងខែ សីហា ឬដើមខែ កញ្ញាខាងមុខនេះ។
សូមជម្រាបថា រាជរដ្ឋាភិបាលថ្មីៗនេះបានដាក់ចេញរបបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ការដាក់ចេញអន្តរាគមន៍នេះ គឺដើម្បីធានាសន្តិសុខប្រាក់ចំណូល កាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច សំដៅរក្សាលំនឹងជីវភាព និងទប់ស្កាត់ឱ្យបានជាអតិបរមា កុំឱ្យពលរដ្ឋគោលដៅធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារការធ្លាក់ខ្លួនឈឺជាដើម៕ អត្ថបទ៖គឹមហុក