ជប៉ុន៖ រដ្ឋាភិបាលជប៉ុន កំពុងចាត់វិធានការដែលអាចធ្វើទៅបានទាំងអស់ ដើម្បីត្រៀមទប់ទល់សម្រាប់ការបាញ់បង្ហោះនូវអ្វីដែលប្រទេសកូរ៉េខាងជើងនិយាយថាជាផ្កាយរណបសម្បនិម្មិត។ ប្រទេសកូរ៉េខាងជើង បានជូនដំណឹងដល់ឆ្មាំឆ្នេរប្រេទេសជប៉ុន កាលពីថ្ងៃអង្គារថា ផ្កាយរណប នឹងត្រូវបាញ់បង្ហោះនៅពេលណាមួយចន្លោះថ្ងៃទី២៤ និង៣១ ខែសីហា។
នាយករដ្ឋមន្ត្រីលោក Kishida Fumio បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ទោះបីជាវត្ថុនោះគឺជាឧបករណ៍ជំរុញផ្កាយរណបក៏ដោយ ការបាញ់បង្ហោះដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទីក បំពានទៅនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបាននិយាយថាសកម្មភាពបែបនេះ ធ្វើឲ្យពលរដ្ឋរបស់ប្រទេសជប៉ុនស្ថិតក្នុងគ្រោះថ្នាក់ខ្លាំង។
ក្រសួងការពារជាតិជឿជាក់ថា វត្ថុនេះទំនងជានឹងត្រូវបាញ់បង្ហោះនៅពេលចាប់ផ្តើមក្នុងពេលវេលាជាក់លាក់របស់ទីក្រុងព្យុងយ៉ាង និងតំបន់ឆ្លងកាត់ នៅជិតកោះ Sakishima ក្នុងខេត្ត Okinawa ភាគនិរតីប្រទេសជប៉ុន។
ក្រសួងបានចេញបញ្ជាលើកងកម្លាំងស្វ័យការពារ ដើម្បីបំផ្លាញមីស៊ីលបាលីស្ទីកហោះចូលមក ដែលអាចធ្លាក់នៅក្នុងដែនដីរបស់ប្រទេសជប៉ុន។ នាវាពិឃាត Aegis របស់កងកម្លាំងស្វ័យការពារដែនសមុទ្រ ត្រូវបានដាក់ពង្រាយ នៅសមុទ្រចិនខាងកើត និងប្រព័ន្ធស្ទាក់ចាប់ PAC-3 ដាក់នៅលើដី ត្រូវបានដាក់ប្រចាំការនៅកោះ Okinawa ។
រដ្ឋាភិបាលជប៉ុន បានបង្កើនវិធានការត្រៀមខ្លួនជាស្រេចនូវប្រព័ន្ធព្រមានភាពអាសន្ន J-Alert នៅទូទាំងប្រទេស។ ប្រព័ន្ធនេះត្រូវបានរៀបចំ ឲ្យមានសកម្មភាពស្វ័យប្រវត្តិដល់ប្រព័ន្ធវិទ្យុសាធារណៈទីក្រុង ដើម្បីចេញព័ត៌មានជម្លៀស៕

