កងកម្លាំងសមត្ថកិច្ចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់មេខ្លោងគ្រឿងញៀនជាជនជាតិចិនតៃវ៉ាន់ ដែលត្រូវបានក្រុមឧក្រិដ្ឋជនប្រដាប់ដោយអាវុធបានប្លន់រំដោះនៅខេត្តសៀមរាប កាលពីកន្លងទៅថ្មីៗនេះ ចាប់បានហើយជាមួយ និងបក្សពួកចំនួន១០ផ្សេងទៀត ខណៈជនសង្ស័យដែលជាប់ពាក់ព័ន្ធដទៃទៀតកំពុងស្វែងរកបន្ត ដើម្បីយកមកផ្តន្ទាទោសឲ្យខាងតែបាន។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានបញ្ជាក់ថា រហូតដល់ពេលនេះ កងកម្លាំងសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិគ្រប់អង្គភាពទាំងអស់បានសហការគ្នាយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការស្វែងរក ចាប់ខ្លួនមេខ្លោង និងបក្សពួក ដោយរហូតដល់ថ្ងៃនេះគឺបានជិតមួយរយភាគរយហើយ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀតទាំងអ្នកផ្តល់អាវុធ និងរួមគំនិតបានកំណត់មុខសញ្ញារួចហើយដែរ ដោយកំពុងស្វែងរកចាប់ខ្លួនពួកគេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះដែរ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានបញ្ជាក់ផងដែរថា ជនសង្ស័យដែលជាប់ពាក់ព័ន្ធប្លន់អ្នកទោសគ្រឿងញៀននេះ ក៏មានជនជាតិខ្មែរចូលរួមផងដែរ ដោយនាពេលនេះកងកម្លាំងសមត្ថកិច្ចបានកំពុងស្វែងរកចាប់ខ្លួន ហើយជនសង្ស័យដែលជាជនបរទេសផ្សេងទៀតក៏កំពុងសហការគ្នាជាមួយប្រទេសជាមិត្តដើម្បីចាប់ខ្លួនពួកយកមកផ្តន្ទាទោសឲ្យខាងតែបានផងដែរ។
បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានបញ្ជាក់ផងដែរថាជនសង្ស័យដែលបានចូលមកប្លន់រំដោះអ្នកទោសដែលជាមេខ្លោងគ្រឿងញៀនដ៏ធំនៅខេត្តសៀមរាបនោះភាគច្រើនគឺជាជនជាតិខ្មែរអាមេរិក ហើយពេលនេះខាងកម្ពុជាបានកំពុងសហការគ្នាយ៉ាងយកចិត្តទុកដាក់ផងដែរ ជាមួយភាគីអាមេរិក ដើម្បីធ្វើការស៊ើបអង្កេតជនសង្ស័យនេះបន្ត។
នៅក្នុងសន្និសីទសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ក៏បានធ្វើការឆ្លើយតបចំពោះជន អគតិមួយចំនួនដែលបានចោទថា ករណីប្លន់អ្នកទោសនៅខេត្តសៀមរាបនេះគឺជាការរៀបរបស់អាជ្ញាធរនោះគឺមិនពិតនោះឡើយ ដោយបញ្ហាដ៏ធំដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជានេះ គឺជាផែនការដ៏សាហាវ និងរៀបចំទុកជាមុនរបស់ក្រុមមេខ្លោងគ្រឿងញៀននេះ ដោយចំណាយលុយជាច្រើនដើម្បីរំដោះខ្លួនគេឲ្យរួចផុតពីជាប់គុក។ យ៉ាងណាក៏ដោយករណីនេះ នឹងត្រូវលើកលែងឲ្យនោះឡើយចំពោះជនណាដែល ជាប់ពាក់ព័ន្ធនោះ៕អត្ថបទ៖ បាន ចក់


