អាមេរិក៖ សភាអាមេរិកណ្តាលបានសម្រេចដកចេញកោះតៃវ៉ាន់ ពីឋានៈអ្នកអង្កេតការណ៍ដែលមានរយៈពេល២០ឆ្នាំរបស់ខ្លួន និងដាក់ជំនួសដោយប្រទេសចិន។
សភាមានប្រទេសចំនួន៦ ដែលគេស្គាល់ថា PARLACEN បានបោះឆ្នោតកាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានី Managua (ម៉ាណាហ្គ័រ) ប្រទេសនីការ៉ាហ្គ័រ ដើម្បីអញ្ជើញប្រទេសចិនមកជាអ្នកអង្កេតការណ៍។
សេចក្តីស្នើច្បាប់ ដែលស្នើសម្រាប់ការផ្លាស់ប្តូរនេះ ត្រូវបានផ្ញើរដោយសមាជិកសភាប្រទេសនីការ៉ាហ្គ័រ។
សេចក្តីស្នើច្បាប់និយាយថា កោះតៃវ៉ាន់ ពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមក្នុងសភា PARLACEN ព្រោះកោះនេះពុំត្រូវបានទទួលស្គាល់ជារដ្ឋអធិបតេយ្យ នៅអង្គការសហប្រជាជាតិឡើយ។
ប្រទេសអាមេរិកកណ្តាលចំនួន៥ រួមមាន ប៉ាណាម៉ា និងសាធារណៈរដ្ឋដូមីនិក មានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ក្រោយឆ្នាំ២០១៧។ បច្ចុប្បន្ននេះ មានតែប្រទេសហ្គាតេម៉ាឡា និងប៊ែលិហ្ស ដែលនៅតែមានទំនាក់ទំនងបែបនេះ។ នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីពង្រឹងទំនាក់ទំនងការទូត មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានធ្វើទស្សនកិច្ចនៅប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ៕

