អាមេរិក៖ ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋបាលលោកបៃដិនកំពុងបន្តរយៈពេលមួយឆ្នាំទៀតសម្រាប់បម្រាមលើការប្រើប្រាស់លិខិតឆ្លងដែនរបស់សហរដ្ឋអាមេរិកក្នុងការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើង។ ការហាមប្រាមនេះ ត្រូវបានដាក់ឲ្យអនុវត្តន៍ក្នុងឆ្នាំ ២០១៧ ហើយត្រូវបានបន្តជារៀងរាល់ឆ្នាំ ចាប់តាំងពីពេលនោះមក។
ការពន្យាពេលចុងក្រោយនេះ កើតឡើងនៅពេលដែលភាពតានតឹងជាមួយកូរ៉េខាងជើង កំពុងកើនឡើងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន និងស្ថានភាពមិនច្បាស់លាស់របស់លោក Travis King សមាជិកយោធាអាមេរិក ដែលបានចូលប្រទេសនេះកាលពីខែមុន តាមព្រំដែនដែលមានកងកម្លាំងប្រដាប់ដោយអាវុធធុនធ្ងន់របស់ខ្លួន។
ក្រសួងបាននិយាយនៅក្នុងសេចក្តីជូនដំណឹងមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងសារព័ត៌មាន Federal Register ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេស លោក អង់តូនី ប្ល៊ីងខិន(Antony Blinken)កាលពីថ្ងៃពុធថា៖«ក្រសួងការបរទេស បានកំណត់ថា ទីនោះបន្តមានហានិភ័យធ្ងន់ធ្ងរដល់ពលរដ្ឋនិងជនជាតិអាមេរិកក្នុងការចាប់ខ្លួន និងការឃុំខ្លួនរយៈពេលវែងដែលបង្កើតជាគ្រោះថ្នាក់ដល់សុវត្ថិភាពរាងកាយរបស់ពួកគេ»។
ការហាមប្រាមនេះ ធ្វើឲ្យវាខុសច្បាប់ក្នុងការប្រើប្រាស់លិខិតឆ្លងដែនសហរដ្ឋអាមេរិកសម្រាប់ការធ្វើដំណើរទៅ មកពី ឬឆ្លងកាត់ប្រទេសកូរ៉េខាងជើង លុះត្រាតែវាត្រូវបានបញ្ជាក់យ៉ាងជាក់លាក់ ក្នុងករណីផលប្រយោជន៍ជាតិដែលមានការបង្ខាំងទុក។ វានឹងនៅជាធរមាន រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ លើកលែងតែវាត្រូវបានពន្យារពេល ឬលុបចោលវិញ។


