ក្រិក៖ ក្រុមអាជ្ញាធរបាននិយាយថា សាកសពមនុស្សដែលឆេះខ្លោចចំនួន១៨នាក់ ដែលអាចជាជនអន្តោប្រវេសន៍ ត្រូវបានរកឃើញកាលពីថ្ងៃអង្គារ (២២សីហា) នៅតំបន់ជនបទមួយនៅភាគខាងជើងប្រទេសក្រិច ជាទីដែលចំហេះព្រៃបានកំពុងឆាបឆេះអស់រយៈពេលបួនថ្ងៃមកហើយ ខណៈកម្លាំងខ្យល់បក់បោកបានជំរុញឲ្យចំហេះឆាបឆេះកាន់តែខ្លាំងនៅទូទាំងប្រទេស។
នៅក្នុងទីក្រុងកំពង់ផែ Alexandroupolis ក្បែរនោះ អ្នកជំងឺមន្ទីរពេទ្យរាប់សិបនាក់ត្រូវបានជម្លៀសចេញតាមសាឡាងកាលពីព្រឹកថ្ងៃអង្គារ ខណៈដែលចំហេះនៅលើជើងភ្នំ Parnitha នៅជាយក្រុងអាតែន (Athens) បានបញ្ចេញពពកផ្សែងយ៉ាងក្រាស់ពាសពេញរដ្ឋធានីក្រិកមួយនេះ។
អង្គភាពពន្លត់អគ្គិភ័យបាននិយាយថា ក្រុមអាជ្ញាធរកំពុងស៊ើបអង្កេត លើលទ្ធភាពដែលសាកសពទាំងនោះ អាចជាជនអន្តោប្រវេសន៍ ដែលចូលមកក្នុងប្រទេសដោយខុសច្បាប់ ដោយសារតែមិនមានអ្នកស្រុកនៅក្នុងតំបន់នេះត្រូវបានរាយការណ៍ថាបាត់ខ្លួននោះទេ។
ចំហេះព្រៃក្នុងរដូវក្តៅនៅប្រទេសក្រិក គឺជារឿងធម្មតា ប៉ុន្តែចំហេះបានកើតឡើងកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលក្ខខណ្ឌអាកាសធាតុក្តៅ ស្ងួត និងខ្យល់ខ្លាំងខុសធម្មតា ដែលអ្នកវិទ្យាសាស្ត្របានផ្សារភ្ជាប់ទៅនឹងបម្រែបម្រួលអាកាសធាតុ។
អ្នកទេសចរបរទេសជាង២០.០០០នាក់ត្រូវបានជម្លៀសចេញពីរមណីយដ្ឋានទេសចរណ៍នៅលើកោះ Aegean នៃប្រជុំកោះ Rhodes កាលពីខែកក្កដា ខណៈចំហេះព្រៃបានឆាបឆេះអស់រយៈពេលមួយសប្តាហ៍ដោយបំផ្លាញលំនៅឋាន និងសណ្ឋាគារជាច្រើននៅតំបន់នោះ៕

