អាមេរិក៖ សហចុងចោទទីមួយរបស់លោក ដូណាល់ ត្រាំ ក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់រដ្ឋ Georgia ដែលចោទប្រកាន់អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ និងសហការីរបស់លោក ពីបទព្យយាមបង្វែរលទ្ធផលបោះឆ្នោតឆ្នាំ២០២០ បានយល់ព្រមចុះចាញ់នៅពន្ធនាគារ អាត្លង់តា កាលពីថ្ងៃអង្គារ (២២សីហា) នេះបើយោងតាមកំណត់ត្រាសហព័ន្ធ និងសេចក្តីថ្លែងការណ៍មួយ។
អតីតមេធាវីរបស់លោក ត្រាំ គឺលោក John Eastman និងអ្នកឃ្លាំមើលការស្ទង់មតិរបស់គណបក្សសាធារណរដ្ឋ លោក Scott Hall ទាំងពីរនាក់នេះ បានប្រគល់ខ្លួនទៅការិយាល័យតម្រួតសហព័ន្ធ ពីរថ្ងៃមុនពេលលោក ត្រាំ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋលើកទីបួនរបស់លោកនៅឆ្នាំនេះ។
លោក ត្រាំ ដែលជាអ្នកនាំមុខគេសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីនៃបកសសាធារណរដ្ឋ ឆ្នាំ២០២៤ បានរិះគន់ការកាត់ទោសទាំងអស់របស់លោកថា មានហេតុផលនយោបាយនៅពីក្រោយ ហើយបន្តអះអាងមិនពិតថា ការចាញ់ឆ្នោតឆ្នាំ២០២០ របស់លោក ចំពោះប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន គឺជាលទ្ធផលនៃការបោកប្រាស់។
លោក Eastman បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកនឹងចូលខ្លួនមួយថ្ងៃបន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងតម្កល់ប្រាក់ធានាខ្លួនជាសាច់ប្រាក់សុទ្ធ១០០.០០០ដុល្លារ។
កាលពីថ្ងៃចន្ទ លោក ត្រាំ បានយល់ព្រមលើការដាក់ប្រាក់ធានាតាមក្រោយចំនួន២០០.០០០ដុល្លារ និងទទួលយកលក្ខខណ្ឌធានាខ្លួន ដែលនឹងរារាំងលោកពីការគំរាមកំហែងសហចុងចោទ ឬសាក្សីក្នុងសំណុំរឿងនេះ។
នៅក្នុងការចោទប្រកាន់ចំនួន៤១ករណី នៅរដ្ឋ Georgia ដែលបានបង្ហាញកាលពីសប្តាហ៍មុន លោក ត្រាំ និងចុងចោទចំនួន១៨នាក់ផ្សេងទៀត ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មគ្រោងទុក និងបទឧក្រិដ្ឋកម្មផ្សេងៗទៀត ជុំវិញការខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីបង្វែរការបរាជ័យរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២០ ដាក់ទៅលើលោកប្រធានាធិបតី ចូ បៃដិន៕


