ថៃ៖ នគរបាលបាននិយាយនៅថ្ងៃពុធ (២៣ សីហា) នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនគរបាលទាំងយប់ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួន បន្ទាប់ពីការវិលត្រឡប់ពីការនិរទេសខ្លួនជាច្រើនឆ្នាំមក។
នៅថ្ងៃពុធ (២៣សីហា)នេះ នាយកដ្ឋានកែប្រែ បានបញ្ជាក់ថា ខ្លួនបានបញ្ជូនអតីតនាយករដ្ឋមន្រ្តីរូបនេះ ទៅកាន់មន្ទីរពេទ្យនគរបាលកាលពីពាក់កណ្ដាលអាធ្រាត ដោយសារតែលោកមានបញ្ហាខ្វះអុកស៊ីហ្សែនក្នុងឈាម និងសម្ពាធឈាមខ្ពស់ ហើយមានអាការៈតឹងទ្រូង ព្រមទាំងមិនអាចសម្រាន្តលក់ក្នុងយប់ដំបូងនៅពន្ធនាគារបាន។
លោក Ayuth Sintoppant អគ្គនាយកនៃនាយកដ្ឋានកែប្រែបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា «ពន្ធនាគារបានស្នើសុំឱ្យគ្រូពេទ្យ និងគិលានុបដ្ឋាយិកាពិនិត្យរូបលោក ហើយពួកគេបានណែនាំឱ្យបញ្ជូនករណីនេះទៅមន្ទីរពេទ្យនគរបាល ដើម្បីសុវត្ថិភាពអ្នកទោស»។
នៅមុននេះបន្តិច ក្រុមមន្ត្រីនាយកដ្ឋានកែប្រែបាននិយាយកាលពីថ្ងៃអង្គារថា លោកថាក់ស៊ីន មានបញ្ហាពីមុនមកជាមួយបេះដូង សួត និងឆ្អឹងខ្នង ព្រមទាំងសម្ពាធឈាម ហើយលោកនឹងត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់។
ជំនួយការអគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក Prachub Wongsuk បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា «ពន្ធនាគារបានវាយតម្លៃស្ថានភាពជំងឺ ហើយឃើញថាវាខ្វះខាតវេជ្ជបណ្ឌិត និងឧបករណ៍វេជ្ជសាស្ត្រដែលអាចមើលថែអ្នកជំងឺបាន ដូច្នេះលោក ថាក់ស៊ីន ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនគរបាល»៕

