មីយ៉ាន់ម៉ា៖ ខែសីហា ឆ្នាំ ២០២៣នេះ គឺជាខួបលើកទី ៦នៃការរត់ភៀសខ្លួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ៧៣ម៉ឺននាក់ ចេញពីរដ្ឋ Rakhine សហភាពមីយ៉ាន់ម៉ា ទៅកាន់ប្រទេសជិតខាងបង់ក្លាដែស ក្រោយការបង្ក្រាបយ៉ាងចាស់ដៃដឹកនាំដោយយោធា ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ក្រុមជីវពលមូស្លីមមកលើប៉ុស្តិ៍សន្តិសុខមីយ៉ាន់ម៉ា ។
ជនមូស្លីមរ៉ូហ៊ីងយ៉ាជាង ៧៣ម៉ឺននាក់ បានរត់ភៀសខ្លួនចេញពីរដ្ឋ Rakhineកាលពីខែសីហា ឆ្នាំ ២០១៧ ក្រោយវិធានការបោសសម្អាតរបស់យោធាដែលជនភៀសខ្លួននិយាយថា រួមមានទាំងការសម្លាប់រង្គាល និងការចាប់រំលោភសេពសន្ថវៈ ។ ក្រុមសិទ្ធិមនុស្ស បានចងក្រងជាឯកសារនូវការសម្លាប់ទ្រង់ទ្រាយធំ និងការដុតបំផ្លាញភូមិដ្ឋានរបស់ពួកគេ ។
សហភាពមីយ៉ាន់ បានប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិ ពាក់ព័ន្ធនឹងការបង្ក្រាបដ៏ឃោឃៅរបស់ពួកគេ ។ ពួកគេបានច្រានចោលការប្រល័យពូជសាសន៍ និងបាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានចុះប្រតិបត្តិការដោយស្របច្បាប់ ប្រឆាំងនឹងក្រុមជីវពល ដែលបានវាយប្រហារមកលើប៉ុស្តិ៍នគរបាលរបស់ពួកគេ ។
ដោយឡែក ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ១លាននាក់ បានរស់នៅក្នុងជំរំជនភៀសខ្លួនស្ថិតនៅតំបន់ភាគនិរតីប្រទេសបង់ក្លាដែស ដែលបច្ចុប្បន្នត្រូវបានគេចាត់ទុកថាជាជំរំជនភៀសខ្លួនធំជាងគេបំផុតនៅលើពិភពលោក ។ ភាគច្រើននៃពួកគេបានរស់នៅទីនោះ ដោយសារតែវិធានការបង្រ្កាបរបស់យោធា កាលពីរយៈពេលជិត ៦ឆ្នាំមុន ប៉ុន្តែពួកគេមួយចំនួនទៀត បានរស់នៅទីនោះជាយូរមកហើយ ។
កាលពីចុងឆ្នាំ ២០២០ រដ្ឋាភិបាលបង់ក្លាដែស បានចាប់ផ្តើមផ្ទេរជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ម៉ឺននាក់ ទៅកាន់កោះដាច់ស្រយាល ស្ថិតនៅក្នុងច្រកសមុទ្របឹងហ្គាល់ បើទោះបីជាមានក្តីកង្វល់ពីហានិភ័យរបស់ព្យុះ និងទឹកជំនន់ក៏ដោយ ។
ប្រទេសបង់ក្លាដែស ដែលមានប្រជាពលរដ្ឋរស់នៅច្រើនណាស់ទៅហើយនោះ និយាយថា ការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង ទៅកាន់មីយ៉ាន់ម៉ាវិញ គឺជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិមនុស្សធម៌មួយនេះ ។
ស្របពេលនោះដែរ សហគមន៍ក្នុងស្រុក ក៏បានបង្កើនទង្វើអរិភាពមកលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ាផងដែរ ហើយការផ្តល់មូលនិធិរបស់ទីភ្នាក់ងារជំនួយអន្តរជាតិ សម្រាប់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កាន់តែខ្សត់ខ្សោយជាងមុន ៕


