ចិន៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Sun Weidong (ស៊ុន វ៉ីតុង) កាលពីថ្ងៃអង្គារ (ទី២២ ខែសីហា) បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសចិនលោក Hideo Tarumi (ហ៊ីដេអុ ថារូមិ) ឲ្យមកទទួលស្ដាប់ការជំទាស់យ៉ាងដាច់អហង្ហការ ជុំវិញការសម្រេចរបស់រដ្ឋាភិបាលជប៉ុន ក្នុងការចាប់ផ្តើមបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ ចាប់ពីថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) ស្អែកនេះ។
អមជាមួយនឹងបញ្ជាក់បន្ថែមពីការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាងដាច់អហង្ហាររបស់ប្រទេសចិន ចំពោះការសម្រេចនេះ លោក Sun បានចង្អុលបង្ហាញថា៖ «ដោយមិនយកចិត្តទុកដាក់លើការសង្ស័យ និងការប្រឆាំងយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ រដ្ឋាភិបាលជប៉ុនបានប្រកាសយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្ហូរចេញនូវទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វូគូស៊ីម៉ា (Fukushima) ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទង្វើបែបនេះ ជាការបញ្ជូនយ៉ាងច្បាស់ក្រឡែតនូវហានិភ័យនៃការបំពុលនុយក្លេអ៊ែរទៅកាន់ប្រទេសជិតខាង ក្នុងនោះរួមទាំងប្រទេសចិន និងសហគមន៍អន្តរជាតិផ្សេងទៀត ដោយដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសមួយ លើសពីសុខុមាលភាពយូរអង្វែងរបស់ប្រជាជន ក្នុងតំបន់ និងជុំវិញពិភពលោក ដែលជារឿងអាត្មានិយមបំផុត និងគ្មានការទទួលខុសត្រូវ»។
លោក Sun បានបន្តទៀតថា ប្រទេសចិនទទូចយ៉ាងខ្លាំងដល់ភាគីជប៉ុនឲ្យលុបចោលការសម្រេចចិត្តខុសរបស់ខ្លួននេះ បញ្ឈប់ការបន្តគម្រោងបង្ហូរទឹកកខ្វក់នុយក្លេអ៊ែរនេះ ទំនាក់ទំនងជាមួយប្រទេសជិតខាងដោយស្មោះត្រង់ និងដោះស្រាយបញ្ហា ដោយការទទួលខុសត្រូវ ដើម្បីជៀសវាងការបង្កការខូចខាត និងគ្រោះថ្នាក់ដែលមិនអាចទាយទុកជាមុនបាន ចំពោះបរិស្ថានសមុទ្រពិភពលោក។ ជាមួយគ្នានេះ លោកក៏បានព្រមានថា ប្រសិនបើជប៉ុនទទូចចង់បន្តដំណើរការរបស់ខ្លួន រដ្ឋាភិបាលចិននឹងចាត់វិធានការចាំបាច់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវបរិស្ថានសមុទ្រ សុវត្ថិភាពអាហារ និងសុខភាពសាធារណៈ។
នៅព្រឹកថ្ងៃដដែលនោះ ស្ថានទូតចិន នៅទីក្រុងតូក្យូ ក៏បានធ្វើការតវ៉ា ចំពោះការសម្រេចចិត្តរបស់ប្រទេសជប៉ុន ដោយហៅការធ្វើបែបនេះថា «គ្មានការទទួលខុសត្រូវ និងអាត្មានិយមបំផុត»៕

