ហ្វីលីពីន៖ ប្រទេសហ្វីលីពីនកាលពីថ្ងៃអង្គារ បាននិយាយថា ខ្លួនបានបញ្ជូនសម្ភារៈផ្គត់ផ្គង់ដោយជោគជ័យដល់កងម៉ារីននៅលើនាវា BRP Sierra Madre ដែលជាមូលដ្ឋានយោធាដែលចាស់ទ្រុឌទ្រោមនៅក្នុងសមុទ្រចិនខាងត្បូង ដែលមានការប្រកួតប្រជែង ទោះបីជាមានការប៉ុនប៉ងដោយនាវាចិន ដើម្បីរារាំងបេសកកម្មនេះក៏ដោយ។
ក្រុមការងារជាតិសម្រាប់សមុទ្រហ្វីលីពីនខាងលិច បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបញ្ជូនសម្ភារៈផ្គត់ផ្គង់ដោយជោគជ័យដល់នាវាចូលចតដែលជាប់គាំងនៅលើកោះប៉ប្រះទឹកថូម៉ាសទី២ ( Second Thomas Shoal ) ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទីក្រុងម៉ានីល ដែលប្រទេសចិនហៅថា Renai Reef (តំបន់ថ្មប៉ប្រះទឹករីណៃ)ហើយថែមទាំងអះអាងថា ជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន។
ក្រុមការងារ បាននិយាយថា បេសកកម្មនេះ ត្រូវបានអនុវត្ត ទោះបីជាមានការប៉ុនប៉ងដោយឆ្មាំល្បាតសមុទ្រចិន និងកងជីវពលដែនសមុទ្រចិន ដើម្បីរារាំង យាយី និងជ្រៀតជ្រែក ក្នុងបេសកកម្មផ្គត់ផ្គង់នេះក្តី។
កងជីវពលដែនសមុទ្ររបស់ប្រទេសចិន គឺជានាវារាប់រយគ្រឿងដ៏ខ្លាំងក្លា ហើយដើរតួជាកម្លាំងមិនផ្លូវការ និងមិនអាចប្រកែកបានជាផ្លូវការ ដែលទីក្រុងប៉េកាំងប្រើ ដើម្បីជំរុញការទាមទារទឹកដីរបស់ខ្លួនទាំងនៅក្នុងសមុទ្រចិនខាងត្បូង និងហួសពីនេះ បើយោងតាមហ្វីលីពីន សហរដ្ឋអាមេរិក និងអ្នកជំនាញសន្តិសុខសមុទ្រលោកខាងលិច៕


