អាមេរិក៖ .រដ្ឋាភិបាលអាមេរិក បាននិយាយថាប្រធានាធិបតីលោក Joe Biden នឹងចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសG20 នៅក្នុងប្រទេសឥណ្ឌានៅខែក្រោយ។
ទីប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក លោក Jake Sullivan បានប្រកាសកាលពីថ្ងៃអង្គារថាលោក Biden នឹងធ្វើដំណើរទៅកាន់ទីក្រុង New Delhi ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកញ្ញាដើម្បីចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំប្រទេស G20។
សេតវិមាននិយាយថា លោក Biden និងដៃគូប្រទេស G20 នឹងពិភាក្សាកិច្ចប្រឹងប្រែងរួមជាបន្តបន្ទាប់ដើម្បីដោះស្រាយ បញ្ហាសកល រួមទាំងការផ្លាស់ប្តូរទៅរកថាមពលស្អាត និងការប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ។
សេតវិមាននិយាយថាមេដឹកនាំទាំងអស់ នឹងផ្តោតលើយុទ្ធសាស្ត្រដើម្បីសម្រាលផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមបង្កឡើងដោយសង្គ្រាមរបស់ប្រធានាធិបតី រុស្ស៊ី លោក Vladimir Putin នៅអ៊ុយក្រែន។
លោក Sullivan និយាយថា លោក Biden នឹងមានជំនួបទ្វេរភាគីមួយចំនួន អំឡុងការស្នាក់នៅរបស់លោក ប៉ុន្តែពុំបានផ្តល់ព័ត៌មានល្អិតនោះទេ។ ការយកចិត្តទុកដាក់នោះ គឺផ្តោតលើថា លោក Biden នឹងជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ឬយ៉ាងណា។ លោក Sullivan និយាយថា អនុប្រធានាធិបតីលោកស្រី Kamala Harris នឹងចូលរួមកចិ្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅដើមខែក្រោយ៕

