មីយ៉ាន់ម៉ា៖ ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងសហភាពមីយ៉ាន់ម៉ា បានរិះគន់ប្រធានជំនួយសង្គ្រោះរបស់អង្គការសហប្រជាជាតិ លោក Martin Griffiths ជុំវិញដំណើររបស់លោកទៅកាន់ប្រទេសនេះនាពេលថ្មីៗនេះ ដោយនិយាយថា ដំណើរទស្សនកិច្ចរបស់លោកមិនបានធ្វើឱ្យមានការជឿនលឿនច្រើនលើជំនួយមនុស្សធម៌នោះទេ និងបានផ្តល់ភាពស្របច្បាប់ដល់ក្រុមមេដឹកនាំរដ្ឋប្រហារ ដែលប្រើប្រាស់ជំនួយជាអាវុធ មួយនេះទៀតផង។
ក្រុមសង្គមស៊ីវិលនេះបាននិយាយថា «ការចូលរួមគោលការណ៍ផ្នែកមនុស្សធម៌ ត្រូវតែមើលឃើញការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA និងភ្នាក់ងារមនុស្សធម៌ដទៃទៀតរបស់អង្គការសហប្រជាជាតិ កាត់ផ្ដាច់ទំនាក់ទំនងជាមួយរបបយោធាឧក្រិដ្ឋកម្មខុសច្បាប់មីយ៉ាន់ម៉ានេះ ដែលប្រើប្រាស់ជំនួយជាអាវុធ និងជាឫសគល់នៃការឈឺចាប់មនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ា"។
លោក Griffiths ដែលជាអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមនុស្សធម៌ និងជាអ្នកសម្របសម្រួលជំនួយសង្គ្រោះបន្ទាន់ បានធ្វើដំណើរទៅកាន់រដ្ឋធានី Naypyidaw សហភាពមីយ៉ាន់មា កាលពីសប្តាហ៍មុន ជាទីដែលលោកត្រូវបានគេថតរូបដាក់នៅលើទំព័រមុខនៃសារព័ត៌មាន Global New Light របស់មីយ៉ាន់ម៉ា ក្នុងការចាប់ដៃជាមួយមេទ័ព ដែលជាឧត្តមសេនីយ៍ជាន់ខ្ពស់ លោក Min Aung Hlaing ដែលបានដឹកនាំការដណ្តើមអំណាចនៅខែកុម្ភៈ ឆ្នាំ២០២១ របស់យោធា។
កាលពីខែកក្កដា ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បាននិយាយថា យោធាមីយ៉ាន់ម៉ាបានចូលរួមក្នុង «ការបដិសេធជាប្រព័ន្ធ» នៃការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរាប់លាននាក់ដែលត្រូវការជំនួយ ដោយបង្កើតរបាំងផ្លូវច្បាប់ ហិរញ្ញវត្ថុ និងការិយាធិបតេយ្យ ដើម្បីរារាំងប្រជាជនពីការទទួលបានជំនួយ៕

