
យានចម្លងអវកាសគ្មានមនុស្សជិះ Soyuz បានបាញ់បង្ហោះទៅកាន់ទីអវកាសចេញពីប្រទេសកាហ្សាក់ស្ថាននៅថ្ងៃពុធនេះ ដើម្បីផ្តល់គ្រឿងផ្គត់ផ្គង់ឡើងវិញដល់ស្ថានីយ៍អវកាសអន្តរជាតិ(ISS) ។
រូបភាពវីដេអូឃ្លីបពីទូរទស្សន៍អង្គការ NASA ឃើញយានដឹកទំនិញ Roscosmos Progress 85 បាញ់ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះយានអវកាស Baikonur Cosmodromeស្ថិតក្នុងប្រទេសកាហ្សាក់ស្ថាន នៅវេលាព្រឹកថ្ងៃពុធនេះ ។
យានចម្លង Soyuzនឹងហោះចូលគន្លងផែនដីសម្រាប់រយៈពេល ២ថ្ងៃ មុនពេលចូលចតនៅទីអវកាសនាថ្ងៃសុក្រ ជាទីដែលអវកាសយានិក Sergey Prokopyev និង Dmitri Petelin បើកគម្របយាន Progress 85 និងចាប់ផ្តើមរើឥវ៉ាន់ដែលជាចំណីអាហារ ប្រេងឥន្ធនៈ និងគ្រឿងផ្គត់ផ្គង់ប្រហែល ៣តោន ។
ដោយឡែក យានចម្លងទី ២ដែលនឹងបាញ់ចេញពីរដ្ឋ Florida សហរដ្ឋអាមេរិក នឹងបញ្ជូនអវកាសយានិកថ្មីចំនួន ៤នាក់ ទៅកាន់មន្ទីរពិសោធន៍នៅគន្លងតារាវិថីនាថ្ងៃសុក្រខាងមុខនេះ ៕