ឥណ្ឌា ៖ មន្ត្រីនិយាយថា ស្ពានផ្លូវរថភ្លើងមួយកន្លែង ដែលត្រូវបានកសាងឆ្លងកាត់ជ្រោះជ្រៅមួយកន្លែង នៅរដ្ឋ Mizoram ភាគឦសានប្រទេសឥណ្ឌា បានបាក់ធ្លាក់ចុះក្រោម បណ្តាលឲ្យកម្មករ១៧នាក់ស្លាប់ ដែលកំពុងធ្វើការនៅលើគម្រោងនេះ ហើយមនុស្សជាច្រើននាក់ផ្សេងទៀត ត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួន។ ឃ្លីបវីដេអូ ដែលត្រូវបានបង្ហោះដោយរដ្ឋមន្ត្រីប្រចាំរដ្ឋ Mizoram លោក Zoramthanga នៅថ្ងៃពុធនេះបានបង្ហាញ គ្រោងដែក ដែលបានបាក់ចេញពីជួរដ៏ខ្ពស់ចូលទៅក្នុងជ្រលងជ្រោះក្នុងព្រៃនៅខាងក្រោម។
លោក Zoramthanga បាននិយាយនៅលើបណ្តាញ X ដែលគេស្គាល់ជាផ្លូវការ Twitter ថា ផ្លូវរថភ្លើងដែលកំពុងស្ថិតក្រោមការសាងសង់ នៅលើស្ពាន នៅក្នុងក្រុង Sairang ជិតរដ្ឋធានី Aizawl បានបាក់រលំនៅថ្ងៃនេះបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់។
Sairang គឺជាក្រុងមួយ មានចម្ងាយប្រមាណ២០គីឡូម៉ែត្រ ពីរដ្ឋធានី Aizawl ជារដ្ឋធានីនៃរដ្ឋ Mizoram លាតសន្ធឹងនៅចុងខាងកើតប្រទេសឥណ្ឌា ជាប់ព្រំដែនសហភាពមីយ៉ាន់ម៉ា។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថាកម្មករពី៣៥ ទៅ៤០ កំពុងស្ថិតនៅការដ្ឋាន នៅពេលឧបទ្ទវហេតុកើតឡើង។ សារព័ត៌មាន The Indian Express បានដកស្រង់សម្តីនគរបាលម្នាក់ដែលបាននិយាយថាសាកសព១៧នាក់ត្រូវបានរកឃើញ ហើយច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន។

