ភ្នំភ្លើង Ubinasស្ថិតក្នុងក្រុង San Juan De Tarucani ប្រទេសប៉េរូ បានផ្ទុះ២លើក ធ្វើឲ្យទីក្រុងនៅជុំវិញទីនោះ គ្របដណ្តប់ដោយផេះ ក្រោយពុំកម្រើកអស់រយៈពេលជាង១ខែមកនេះ ។
ក្រុមសង្កេតភ្នំភ្លើងនៃវិទ្យាស្ថានលោហធាតុ និងរ៉ែភូគព្ភសាស្រ្ត បាននិយាយនៅក្នុងសេចក្តីរាយការណ៍ថា ភ្នំភ្លើង Ubinasដែលជាភ្នំភ្លើងរស់បំផុតរបស់ប្រទេសប៉េរូ បានព្រួសផេះ និងផ្សែងហោះកម្ពស់ ៣.៥០០ម៉ែត្រលើផ្ទៃអាកាស ។
វីដេអូដែលថតបានដោយវិទ្យាស្ថានមួយនេះ ឃើញពេលដែលសំណុំផ្សែងដ៏ងងឹតហុយចេញពីមាត់ភ្នំភភ្លើង ។
គួរឲ្យដឹងថា ការផ្ទុះ ៤លើកកាលពីដើមខែកក្កដា បានបង្ខំឲ្យក្រុមអាជ្ញាធរ ចេញសេចក្តីប្រកាសអាសន្នកម្រិតពណ៌ លឿងទុំ ហើយនិងប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ៦០ថ្ងៃ ។
លោក Floro Choqueគឺជាអភិបាលក្រុង San Juan De Tarucani និយាយថា ពួកយើងបានឆ្លងកាត់ពេលវេលាដ៏លំបាក ដោយសារតែការផ្ទុះភ្នំភ្លើង Ubinas ។ វាបានផ្ទុះមួយលើកកាលពីវេលាម៉ោង ១០ និង ៤០នាទីព្រឹកមិញនេះ ហើយវាបានធ្វើឲ្យពួកយើងងងឹតឈឹងតែម្តង ។
លោកបន្តថា ភ្នំភ្លើងនេះ បានព្រួសផេះល្មមទេ ប៉ុន្តែពួកយើងខ្លាច ។ ពួកយើងធ្លាប់ឆ្លងកាត់ការផ្ទុះភ្នំភ្លើង ដូច្នេះហើយពួកយើងនៅតែមានការព្រួយបារម្ភ ហើយវានឹងបង្កផលប៉ះពាល់ដល់ពួកយើង ៕

