ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងក្រុមហ៊ុន Prince security service នៅរសៀលថ្ងៃទី២១ ខែសីហានេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយមានការអញ្ជើញចូលរួមពីលោក ប្រាក់ សុម៉ាធី ប្រធានាយកដ្ឋានកណ្តាលទទួលបន្ទុកជំនាញបច្ចេកទេសសត្វក្នុងសកម្មភាពនៃអង្គភាពស៊ីម៉ាក់ តំណាងឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកCMAC និងលោកជូ តេង ហាន( Choo Teng Han) អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Prince security service។
នៅក្នុងឱកាសនោះលោក ប្រាក់ សុម៉ាធី បានឱ្យដឹងថា ការចុះMOUនេះ គឺស៊ីម៉ាក់បានផ្តល់សុនកប្រចាំភេរវកម្មចំនួន២ក្បាលទៅឱ្យក្រុមហ៊ុន Prince security service ក្នុងតម្លៃសមរម្យ ព្រមទាំងមានការបណ្តុះបណ្តាលជំនាញគ្រប់គ្រងសុនកដល់ក្រុមហ៊ុនផងដែរ។
លោកបន្តថា សុនកប្រឆាំងភេរវកម្មដែលអង្គភាពស៊ីម៉ាក់ប្រគល់ជូនដល់ក្រុមហ៊ុននាពេលនេះ គឺទទួលបានហ្វឹកហ្វឺនពីអ្នកជំនាញនៅក្នុងប្រទេស និងក្រៅប្រទេស ដែលសមត្ថភាពគ្រប់គ្រាន់ការពារសន្តិសុខ។
បច្ចុប្បន្ន សុនកនៅក្នុងអង្គភាពស៊ីម៉ាក់មានចំនួន១៧០ក្បាល បែកចែកចេញជាពីប្រភេទរួមមាន៖សុនកប្រឆាំងភេរវកម្ម និងសុនកដោះមីន។ នេះបើតាមការបញ្ជាក់លោក ប្រាក់ សុម៉ាធី ប្រធានាយកដ្ឋានកណ្តាលទទួលបន្ទុកជំនាញបច្ចេកទេសសត្វក្នុងសកម្មភាពនៃអង្គភាពស៊ីម៉ាក់។ អត្ថបទ៖ទូច សោភ័ណ

