ភ្នំពេញ ៖ ឧត្តមសេនីយ៍ត្រី យុង ខេមរា ជាមេបញ្ជាការរងនៃកងពលតូចលេខ៧០ ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក បានមានជំនឿរយ៉ាងម៉ុតមាំថា រាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើបានសម្រេចនូវអ្វីដែលនាយករដ្ឋមន្រ្តីវ័យក្មេងរូបនេះបានសន្យាថា នឹងរកទីផ្សារជូនកសិករ និងបន្តដំឡើងប្រាក់ខែជូនកម្មករនិយោជិត ក៏ដូចជាមន្រ្តីរាជការជាដើមនោះ។
ឆ្លើយតបទៅនឹងសំណួររបស់ទូរទស្សន៍BTV ឧត្តមសេនីយ៍ត្រី យុង ខេមរា បានបញ្ជាក់ថា ក្នុងនាមជានាយទាហាន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយ លោកស្រីសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះឯក ឧត្តមហ៊ុន ម៉ាណែត ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបន្តវេននៅកម្ពុជា ខណៈការតែងតាំងនេះគឺពិតជាសាកសមបំផុត ដោយសារតែឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាកុលបុត្រខ្មែរមួយរូបមានទាំងគុណវុធ សមត្ថភាព បទពិសោធន៍ និងចំណេះដឹងខ្ពង់ខ្ពស់។ ហើយជាងនេះទៅទៀត ការសន្យារបស់ឯកឧត្តម ថាកិត្តិទេសាភិបាលថា ការដឹកនាំរដ្ឋាភិបាលអាណត្តិទី៧នេះនឹងប្តូរផ្តាច់ដឹកនាំនីតិប្រតិបត្តិរបស់ជាតិ ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យខាងតែបាន នឹងពិតជាធ្វើបានជាក់ជាមិនខាននោះឡើយ។
ជាមួយគ្នានោះដែរឧត្តមសេនីយ៍ត្រី យុង ខេមរា ក៏បានឆ្លើយតបចំពោះជនអគតិមួយក្តាប់តូចដែលតែងតែធ្វើការរិះគន់ថា ការតែងតាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថាមិនសមស្របទៅ តាមលទ្ធិប្រជាធិបតេយ្យនោះគឺមិនពិតនោះឡើយ ខណៈការតែងតាំងនេះគឺបានចេញព្រះរាជក្រឹត្យដោយព្រះមហាក្សត្រ និងតាមការបោះឆ្នោតក្នុងរដ្ឋសភា និងមានការឯកភាពពីគណបក្សប្រជាជនកម្ពុជាដែលជា គណបក្សឈ្នះឆ្នោតនោះ។
សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី១នីតិកាលទី៧ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ បានបោះឆ្នោតអនុម័តគាំទ្រទាំងស្រុងចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបន្តវេនសម្រាប់អាណត្តិទី៧នេះ។
ភ្លាមៗបន្ទាប់ពីមានការបោះឆ្នោតឲ្យធ្វើជានាយករដ្ឋមន្រ្តី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតហ៊ុន ម៉ាណែត បានសន្យាថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ឯកឧត្តមសូមសន្យា និងធ្វើការប្តេជ្ញាជាឱឡារិកថា នឹងប្តូរផ្តាច់ដឹកនាំនីតិប្រតិបត្តិរបស់ជាតិ ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលឲ្យខាងតែបាន និងជោគជ័យបំផុត និងមួយវិញទៀត នឹងខិតខំរកទីផ្សារឲ្យបានសមរម្យជូនប្រជាកសិករ និងដំឡើងប្រាក់ខែជូនកម្មករនិយោជិត និងមន្រ្តីរាជការជាដើម៕អត្ថបទ៖ បាន ចក់



