ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី២៥ឧសភានេះ ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានផ្តល់ថវិកាមនុស្សធម៌ចំនួន ៤លានរៀល ដើម្បីប្រគល់ជូនសាខាកាកបាទក្រហមខេត្តឧត្តរមានជ័យ សម្រាប់ផ្គត់ផ្គង់ការខ្វះខាតផ្សេងៗ ក្នុងអំឡុងពេលវិបត្តិកូវីដ-១៩ ។
ជាមួយគ្នានោះដែរក្នុងនាមប្រធានគណៈកម្មការអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរអរគុណយ៉ាងជ្រាវជ្រៅចំពោះស្នងការនគរបាលខេត្តឧត្តរមានជ័យ ជានិច្ចកាលលោកតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ក្នុងការជួយទំនុកបម្រុងរាល់បញ្ហាប្រឈមការខ្វះខាតផ្សេងៗ ក្នុងការងារមនុស្សធម៌របស់ខេត្ត។
ឯកឧត្តម បន្តថា កត្តាទាំងអស់នេះហើយ គឺជាការចូលរួមចំណែកមួយដ៏ល្អប្រសើរក្នុងការងារមនុស្សធម៌ក្នុងអំឡុងពេលជួបវិបត្តិកូវីដ-១៩នេះ ទោះបី តិចក្តីច្រើនក្តី តែវាជាទឹកចិត្តដ៏ប្រពៃរបស់បងប្អូនសប្បុរសក្នុងការរួមចំណែកការងារមនុស្សធម៌។
ក្នុងនោះ បន្ទាប់ពីធ្វើការប្រគល់ថវិកាមនុស្សធម៌ជូនដល់កាកបាទក្រហមខេត្តរួចមក លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ក៏បន្តដំណើរ ចុះសំណេះសំណាល នឹងពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងបានផ្តល់នូវថវិកាឧបត្ថម្ភចំនួន៤លានរៀល ដល់កងកម្លាំងនគរបាលម្នាក់ កំពុងមានជំងឺប្រចាំកាយធ្ងន់ធ្ងរដែលបានសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដើម្បីបានដោះស្រាយការខ្វះខាតក្នុងអំឡុងពេលសម្រាកព្យាបាល៕
អត្ថបទ ៖ ឃិន សារិទ្ធ


