
នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រាប់មេដឹកនាំ BRICS នៅថ្ងៃពុធ (ទី២៣ ខែសីហា) នេះ ថា លោកគាំទ្រទាំងស្រុងដល់ការពង្រីកសមាជិករបស់ក្រុមនេះ នៅឯការបើកកិច្ចពិភាក្សា ថ្ងៃទី២ នៅទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូង។
បញ្ហានៃការពង្រីកក្រុមប្រទេស BRICS បានស្ថិតក្នុងរបៀបវារៈលើគេ នៅឯកិច្ចប្រជុំកំពូល ហើយបានបង្ហាញឲ្យឃើញនូវភាពខុសប្លែកគ្នានៃទស្សនៈ ដែលបានញាំញីក្រុមនេះជាយូរមកហើយ។
ប្រទេសមហាអំណាចរបស់ប្លុក គឺចិន និងរុស្ស៊ី ចង់ពង្រីក BRICS ដើម្បីធ្វើឲ្យប្លុកនេះកាន់តែមានឥទ្ធិពលលើសកលលោក និងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងដែលបណ្តាលមកពីសង្គ្រាម នៅអ៊ុយក្រែន និងការប្រជែងគ្នាកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក Xi Jinpng បានអំពាវនាវមានការពន្លឿនដល់ការពង្រីកនេះ ពេលចាប់ផ្តើមកិច្ចប្រជុំ នៅក្រុង Johannesburg នៅថ្ងៃពុធនេះ។
លោក Cyril Ramaphosa របស់អាហ្វ្រិកខាងត្បូង បាននិយាយថា ជំហររបស់ប្រទេសលោក គឺស្រដៀងនឹងចិនដែរ។ តែក្នុងពេលជាមួយគ្នា ប្រទេសប្រេស៊ីលមានការព្រួយបារម្ភថា ការពង្រីក BRICS នឹងបន្ថយឥទ្ធិពលរបស់ខ្លួន ទោះបីជាខ្លួនចង់ឃើញប្រទេសជិតខាងអាហ្សង់ទីនចូលរួមជាមួយប្លុកក៏ដោយ៕