រុស្ស៊ី៖យន្តហោះឯកជនដែលជាកម្មសិទ្ធិរបស់ក្រុមទាហានស៊ីឈ្នួលវ៉េកណា (Wagner) បានធ្លាក់ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង សេន ភីធ័រស្បើក(St. Petersburg) ពីទីក្រុងម៉ូស្គូ ដោយក្រុមមន្ត្រីបាននិយាយថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី លោក យ៉េវហ្គេនី ប្រ៊ីកូស៊ីន (Yevgeny Prigozhin) គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១០ នាក់នៅក្នុងបញ្ជីអ្នកដំណើរលើយន្តហោះនោះ។
សេវាសារព័ត៌មានរបស់ក្រសួងសង្គ្រោះបន្ទាន់បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ២៣ ខែសីហា ថា យន្តហោះឯកជន អ៊ីមប្រេអ័រ ឡេកាស៊ី (Embraer Legacy) បានធ្លាក់នៅខាងក្រៅតំបន់ ដែលមានប្រជាជនរស់នៅក្នុងភូមិគូហ្សិនគីកូ (Kuzhenkino) ក្នុងតំបន់ ធីវ៉ើ(Tver)។ មនុស្ស ១០ នាក់រួមទាំងសមាជិកអាកាសយានិក៣ នាក់នៅលើយន្តហោះ។ យោងតាមរបាយការណ៍បឋម មនុស្សទាំងអស់នៅលើយន្តហោះត្រូវបានស្លាប់។
ទីភ្នាក់ងារសហព័ន្ធសម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសរុស្ស៊ី រ៉ូសាវីយ៉ាតស៊ីយ៉ា (Rosaviatsiya) បានបន្ថែមថា យោងតាមបញ្ជីអ្នកដំណើរ ឈ្មោះ និងនាមត្រកូលរបស់លោក យ៉េវហ្គេនី ប្រ៊ីកូស៊ីន ត្រូវបានរាប់បញ្ចូល ។បណ្ដាញសង្គមតេឡេក្រាម ឈ្មោះថា Grey Zone បានបង្ហោះ ថា លោក ប្រ៊ីកូស៊ីន បានស្លាប់ ហើយដោយសារទង្វើររបស់ក្រុមក្បត់រុស្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយសង្គមរបសក្រុមទាហានស៊ីឈ្នួលវ៉េកណា និយាយថា យន្តហោះឯកជនរបស់ខ្លួន ត្រូវបានបាញ់ទម្លាក់ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ គួររម្លឹកថា មេដឹកនាំទាហានស៊ីឈ្នួលរូបនេះ បានដឹកនាំការបះបោរប្រឆាំងកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីកាលពីខែមិថុនា។
ការធ្លាក់យន្តហោះកាលពីថ្ងៃពុធ នៅក្នុងតំបន់ធីវ៉ើ ភាគខាងជើងរដ្ឋធានីម៉ូស្គូ បានកើតឡើងចំថ្ងៃដែលឧត្ដសេរនីយ៍ជាន់ខ្ពស់រុស្ស៊ី លោក ហ្សឺហ្គេស៊ូរ៉ូវីគីន (Sergei Surovikin) ត្រូវគេរាយការណ៍ថាបានដកចេញពីតំណែងជាប្រមុខកងទ័ពអាកាស៕

