ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ក្នុងឱកាស សម្ដេចកំពុងទស្សនាការផ្សាយផ្ទាល់ចេញពីអង្គប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីលើកដំបូងរបស់ខ្លួន សម្រាប់នីតិកាលទី៧ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោថ្លែងថា «ជាលើកដំបូងក្នុងរយៈពេលជាង ៤៤ ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិត និងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេង គឺត្រឹមត្រូវខ្លាំងណាស់»។
សម្ដេចតេជោ បានជូនពរគណៈរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ច ដើម្បីជាតិ សាសនា ព្រះមហាក្សត្រ៕


