កីឡាករប្រដាល់ម៉ិកស៊ិក Canelo Alvarez នឹងឡើងការពារខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោករបស់ខ្លួននៅថ្ងៃទី៣០ ខែកញ្ញាខាងមុខ ដោយនឹងត្រូវជួបជាមួយជើងឯកទម្ងន់មធ្យមយុវជនពិភពលោក Jermell Charlo នៅកីឡដ្ឋាន T-Mobile Arena ទីក្រុង Las Vegas សហរដ្ឋអាមេរិក។

Canelo Alvarez មានស្ថិតិប្រកួតរបស់ខ្លួន ឈ្នះ ៥៩ ចាញ់ ២ ស្មើ ២ ផ្តួលគូប្រកួតឱ្យបោះបង់ ៣៩ លើក គឺជាអ្នកគ្រប់គ្រងខ្សែក្រវាត់ពីរបន្ទាប់ពីដណ្តើមខ្សែក្រវាត់ IBF ពី Caleb Plant កាលពីខែវិច្ឆិកាឆ្នាំ ២០២១ ក្រោយមកការពារខ្សែក្រវាត់របស់ខ្លួនបានតាមរយៈជ័យជំនះលើ Gennadiy Golovkin និង John Ryder។
នៅក្នុងចន្លោះនៃការប្រកួតខាងលើ Canelo Alvarez ក៏បានព្យាយាមទំលាក់ទម្ងន់របស់ខ្លួន ដើម្បីប្រជែងខ្សែក្រវាត់ WBA តែចាញ់ Dmitriy Bivol។
ចំណែកគូប្រកួតនៅខែកញ្ញាខាងមុខ Jermell Charlo មានបទពិសោធប្រកួតឈ្នះ ៣៥ ស្មើ ១ ចាញ់ ១ ផ្តួលគូប្រកួតឱ្យបោះបង់ ១៩ លើក និងបានគ្រប់គ្រងខ្សែក្រវាត់យុវជននេះតាមរយៈការផ្តួល Brian Castano កាលពីខែឧសភាឆ្នាំមុន៕ អត្ថបទ៖នាង សុភាវុធ

