អ្នកការពារតំណែងជើងឯក Formula One ពិភពលោក Max Verstappen អាចតាមស្មើកំណត់ត្រាឈ្នះ ៩ ប្រកួតជាប់គ្នារបស់កីឡាករអាល្លឺម៉ង់ Sebastian Vettel បានប្រសិនឈ្នះការប្រកួតនៅទឹកដីហូឡង់របស់ខ្លួនចុងសប្តាហ៍នេះ។
Formula One ពិភពលោកនឹងវិលត្រលប់មកវិញក្រោយសម្រាករដូវក្តៅក្នុងខែសីហានេះ ដោយនឹងបន្តនៅទីលាន Zandvoort ប្រទេសហូឡង់ចុងសប្តាហ៍នេះ ខណៈដែលកីឡាករវ័យ ២៥ ឆ្នាំហូឡង់របស់ក្រុម Red Bull, Max Verstappen នឹងអាចអបអរជាមួយនឹងអ្នកគាំទ្រច្រើនបំផុតរបស់ខ្លួន។

ជើងឯកពិភពលោក ២ សម័យរូបនេះក៏នឹងអាចមានឱកាស Hat-Trick ឈ្នះ ៣ លើកនៅទីលាន Zandvoort នេះដែរចាប់តាំងពីទីលានចំណាស់នៅហូឡង់នេះវិលត្រលប់មកក្នុងកាលវិភាគរបស់ F1 វិញនៅឆ្នាំ ២០២១។
Max Verstappen កំពុងនាំមុខគេក្នុងតារាងជើងឯកដាច់មិត្តរួមក្រុម Red Bull, Sergio Perez ១២៥ ពិន្ទុក្រោយប្រណាំងបាន ១២ ទីលាន។
ចំណែកឯកីឡាករអាល្លឺម៉ង់ Sebastian Vettel ដែលចូលនិវត្តន៍ទៅហើយ គឺជាកីឡាករម្នាក់គត់ដែលឈ្នះ ៩ ទីលានជាប់គ្នាគិតមកដល់ពេលនេះ ពោលគឺកំណត់ត្រានេះធ្វើបាននៅឆ្នាំ ២០១៣ នៅពេលគ្រងជើងឯកពិភពលោកលើកទី ៤៕ អត្ថបទ៖នាង សុភាវុធ

