ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម បានពិភាក្សាគ្នាលើកិច្ចព្រមព្រៀង ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា ដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទាក់ទាញវិនិយោគិនពីអេមីរ៉ាតអារ៉ាប់រួម។
អគ្គនាយកដ្ឋានពន្ធដារ បានបន្តកិច្ចប្រជុំនៅថ្ងៃទី២១ខែសីហា ដើម្បីចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា រវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួមតាមរយៈប្រព័ន្ធវិដេអូ ដឹកនាំដោយ លោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ និងលោកបណ្ឌិត Hamid Nasr Mohamed ទីប្រឹក្សាសេដ្ឋកិច្ចនៃក្រសួងសេដ្ឋកិច្ចអេមីរ៉ាត់អារ៉ាប់រួម។
គួររំលឹកផងដែរ ភាគីទាំងពីរបានធ្វើការចរចា ជុំទី២ លើកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា កាលពីខែមេសាកន្លងទៅ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម។
លទ្ធផលនៃកិច្ចប្រជុំនេះ គឺភាគីទាំងពីរ ឯកភាពចំនួន៣០មាត្រា ដោយឡែកសម្រាប់មាត្រាដែលនៅសេសសល់ ភាគីទាំងពីរ នឹងបន្តពិភាក្សា និងស្នើសុំការសម្រេចពីថ្នាក់ដឹកនាំរៀងៗខ្លួនបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការចរចាទាំងស្រុងឱ្យបានឆាប់។
គួរបញ្ជាក់ផងដែរថា ការចៀសវាងការយកពន្ធត្រួតគ្នា រវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម នឹងផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទាក់ទាញវិនិយោគិនពីអេមីរ៉ាតអារ៉ាប់រួម ជាឧបករណ៍គាំទ្រដល់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម និងជាចលករដ៏សំខាន់មួយជំរុញកំណើនក្នុងវិស័យអាកាសចរអន្តរជាតិរវាងប្រទេសទាំងពីរផងដែរ។
ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេមីរ៉ាត់អារ៉ាប់រួម សម្រេចបានប្រមាណ ៤០០ លានដុលា្លរអាម៉េរិកក្នុងឆ្នាំ២០២២ កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០២១៕អត្ថបទ៖ វណ្ណៈ

