ក្លិបបាល់ទាត់ Nottingham Forest បានសំរេចក្នុងការនាំយកខ្សែការពារជ័យលាភី World Cup 2022 ជាមួយ អាហ្សង់ទីន Gonzalo Montiel ពេញមួយរដូវកាលពីក្លិបអេស្ប៉ាញ Sevilla។
Montiel គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់បាល់ ១១ ម៉ែត្រកាត់សេចក្តីចុងក្រោយឱ្យអាហ្សង់ទីនយកឈ្នះបារាំងនៅកាតាឆ្នាំមុន។
កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ក៏អាចទទួលបានកិច្ចសន្យាទិញផ្តាច់ដែរក្រោយបញ្ចប់កិច្ចសន្យាខ្ចី និងបានក្លាយជាកីឡាករទី ៥ ដែលមកកាន់ Nottingham Forest រដូវកាលនេះដោយទទួលបានអាវលេខ ២៩។
Gonzalo Montiel ជាកីឡាករដែលចេញពីយុវជនថ្នាលរបស់ក្លិបអាហ្សង់ទីន River Plate និងបានបង្ហាញខ្លួននៅក្រុមធំដំបូងឆ្នាំ ២០១៦ និងបង្ហាញខ្លួនបានសរុប ១៣៩ ប្រកួតឈ្នះជើងឯក Copa Libertadores នៅឆ្នាំ ២០១៨ មុនពេលផ្លាស់មកកាន់ Sevilla នៅឆ្នាំ ២០២១។
Montiel ក៏បានជួយ Sevilla ឈ្នះជើងឯក UEFA Europa League រដូវកាលមុនផងដែរតាមរយៈជ័យជំនះនៅវគ្គ ១១ ម៉ែត្រកាត់សេចក្តីលើ AS Roma។
Nottingham Forest ចាប់ផ្តើមរដូវកាលថ្មី English Premier League បានពីរប្រកួតដោយចាញ់នៅទឹកដី Arsenal ២-១ និងឈ្នះ Sheffield United ២-១ ខណៈចុងសប្តាហ៍នេះត្រូវទៅទឹកដី Manchester United៕ អត្ថបទ៖នាង សុភាវុធ

