ភ្នំពេញ៖ ធុរកិច្ចក្នុងវិស័យបច្ចេកវិទ្យា ចាត់ទុកការអនុវត្តផែនទីបង្ហាញផ្លូវ ដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍ បានកំពុងដើរទាន់របត់នៃបច្ចេកវិទ្យា និងជាយុទ្ធសាស្រ្តដ៏សំខាន់ នៃការលើកកម្ពស់គោលដៅទេសចរណ៍ក្នុងស្រុក ប្រកបដោយសក្តានុពល ដើម្បីស្រូបយកភ្ញៀវទេសចរណ៍ឲ្យបានកាន់តែច្រើន។
លោក ពេជ សូវៀត ស្ថាបនិក CEO នៃក្រុមអួតអេប (Uot App) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ២០២៣ នេះថា នៅក្នុងភាវូបនីយកម្មបច្ចេកវិទ្យារីកចម្រើន កំពុងបង្ហាញប្រជាពលរដ្ឋបានយល់ដឹង និងមើលឃើញព្រឹត្តិការណ៍នៅជុំវិញពិភពលោក ជាពិសេសបច្ចេកវិទ្យាបានកំពុងបង្រៀន និងជាផែនទីបង្ហាញផ្លូវដ៏សំខាន់ សម្រាប់ជាគន្លឹះយល់ដឹងផ្សេងៗរបស់មនុស្សលោកទាំងមូល។
លោក បន្តថា កម្ពុជាគឺជាប្រទេសមួយបានកំពុងដើរទាន់របត់នៃការរីកចម្រើននៃវិស័យនេះ ក្នុងនោះរាជរដ្ឋាភិបាលក៏បានបង្តើតនូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលជាមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធ្វើបដិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គក្នុងសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន។
ជាក់ស្តែងការដាក់ចេញផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ ដល់ឆ្នាំ២០៣០ របស់ក្រសួងទេសចរណ៍ បានបង្ហាញអំពីការរីកចម្រើននៃវិស័យបច្ចេកវិទ្យានៅព្រះរាជាណាចក្រកម្ពុជា ដែលការអនុវត្តតាមរបត់នេះ ជាការលើកកម្ពស់ដល់ការប្រកួតប្រជែងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ផលិ តផលបម្រើវិស័យទេសចរណ៍ និងសេវាកម្មផ្សេងៗ ដោយតាមរយៈនេះ យើងរំពឹងថា ការអនុវត្តផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍ នឹងធ្វើឲ្យកម្ពុជាស្របយកភ្ញៀវទេសចរណ៍កាន់តែច្រើនបន្ថែមទៀត។
ផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាទេសចរណ៍នេះ ត្រូវបានអភិវឌ្ឍន៍ជាមួយនឹងចក្ខុវិស័យ ក្លាយជាគោលដៅទេសចរណ៍កំពូលមួយក្នុងតំបន់ តាមរយៈការចាប់យកនិងការធ្វើបរិវត្តកម្មបច្ចេកវិទ្យា សម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ននៅឆ្នាំ២០៣០ ក្នុងនោះបានកំណត់គោលបំណងចំនួន៤រួមមាន៖ បង្កើនអក្ខរកម្ម និងបំណិនបច្ចេកវិទ្យាលដល់ប្រតិបត្តិករអាជីវកម្ម និងអ្នកប្រើប្រាស់, ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងគោលនយោបាយគាំទ្រ, ធ្វើឲ្យប្រសើរសន្តិសុខសាយប័រ, និងជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ប្រតិបត្តិការអាជីវកម្មទេសចរណ៍។អត្ថបទ៖ សុន រ៉ាឌី