ចិន៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) បានសន្យាគាំទ្រប្រទេសគុយបាលើការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេសនិងការបិទផ្លូវសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកហើយនឹងពង្រីកការសម្របសម្រួលជាយុទ្ធសាស្ត្រជាមួយទីក្រុងឡាហាវ៉ាន(Havana)។
លោកស៊ី បានធ្វើការធិប្បាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីគុយបា លោក មីហ្គែល ឌូយ៉ាស កាណែល (Miguel Diaz-Canel) នៅខាងក្រៅវេទិកាកិច្ចប្រជុំកំពូលBRICS នៅទីក្រុងចូហានណេសប៊ឺក (Johannesburg) កាលពីថ្ងៃពុធ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិននៅ ពីថ្ងៃព្រហស្បតិ៍នេះ។
លោកស៊ី បាននិយាយនៅក្នុងកិច្ចប្រជុំនោះថា៖«ប្រទេសចិនវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងម៉ឺងម៉ាត់របស់គុយបាចំពោះប្រទេសចិនលើបញ្ហាពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូលរបស់ចិន ហើយនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះគុយបាក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនប្រឆាំងនឹងការជ្រៀតជ្រែក និង រាំងខ្ទប់ពីបរទេស ហើយនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសគុយបា នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ក្នុងអំឡុងពេលកិច្ចពិភាក្សា លោកឌីយ៉ាស កាណែល បានចាត់ទុកទំនាក់ទំនងគុយបា-ចិនថាជា«កម្រិតខ្ពស់គ្រប់ពេលវេលា»។
លោក ឌីយ៉ាស កាណែល បានថ្លែងនៅក្នុងកិច្ចប្រជុំនេះដែលត្រូវបានចូលរួមដោយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi)ថា៖«ប្រជាជនគុយបាកោតសរសើរយ៉ាងខ្លាំងចំពោះប្រធានាធិបតីលោក ស៊ី ជីនពីង ហើយសូមអរគុណដោយស្មោះចំពោះប្រទេសចិនសម្រាប់ការយោគយល់ និងការគាំទ្រដ៏មានតម្លៃសម្រាប់បុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រទេសគុយបា»។


