ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ បន្តដឹកនាំមន្រ្តីស្ថិតនៅក្រោមឱវាទក្រសួង ខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមមុខជំនាញ ជាពិសេសការបន្តជំរុញអភិវឌ្ឍន៍វិស័យរ៉ែ ប្រេងកាត និងវិស័យអគ្គិសនីឲ្យកាន់តែរីកច្រើន ស័ក្ដិសមជាកូនចៅ និងអ្នកបន្តវេនជំនាន់ក្រោយ។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នៅក្នុងអាណត្តិថ្មីនេះ បានលើកឡើងនៅក្នុងពិធីជំនួបរវាងថ្នាក់ដឹកនាំ ជាមួយមន្រ្តីរាជការក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣ នេះថា នាពេលកន្លងមកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ការគាំទ្រដល់ក្រសួងរ៉ែ និងថាមពល ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តមផ្ទាល់ និងអាជ្ញាធរអគ្គិសនីកម្ពុជា រួមជាមួយមន្រ្តីរាជការទាំងអស់ បានទទួលលទ្ធផលជាផ្លែផ្ការីកចម្រើនគួរឲ្យគត់សម្គាល់ នៅក្នុងក្របខណ្ឌ ភារកិច្ច ដែលក្រសួងរ៉ែ និងថាមពលបានគ្រប់គ្រង។
ជុំវិញវិស័យអគ្គិសនី ឯកឧត្តម បន្តថា បន្ទាប់ពីកម្ពុជាក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្តល់នូវសុខសន្តិភាព វិស័យអគ្គិសនីបានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះថាមពលស្អាត ឬថាមពលកកើត ឡើងវិញ បានអភិវឌ្ឍន៍ឡើងជាបន្តបន្ទាប់ផងដែរ រហូតមកដល់ពេលនេះ វិស័យអគ្គិសនីនៅកម្ពុជាបានកំពុងឆ្លើយតបនិងតម្រូវការប្រើ ប្រាស់របស់ប្រជាពលរដ្ឋ និងការផ្គត់ផ្គង់ដល់រោងចក្រ សហគ្រាសក្នុងស្រុក។
ចំណែកវិស័យរ៉ែ ក្រោមការគ្រប់គ្រង ដឹកនាំរបស់ឯឧត្តម អតីតរដ្ឋមន្រ្តីចាស់ ក៏មានការវិវត្តន៍រីកចម្រើនគួរឲ្យកត់សម្គាល់ បច្ចុប្បន្នវិស័យកំពុងប្រមូលចំណូលចូលថវិការជាតិ ។ ដោយឡែកវិស័យប្រេងកាត ឯឧត្តម ស៊ុយ សែម ក៏បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងផងដែរ នៅក្នុងអាណត្តិរបស់ឯឧត្តមដឹកនាំផ្ទាល់ ទោះបីមិនទាន់ឈានដល់ការសម្រេចជោគជ័យទាំងស្រុកក៏ដោយ។
ជុំវិញបញ្ហានេះ, ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលទើបតែងតាំងថ្មី បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ បន្តខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាព និងសាមគ្គីភាពជាធ្លុងមួយ ដើម្បីបន្តដឹកនាំមន្រ្តីដែលស្ថិតនៅក្រោមឱវាទក្រសួងទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារទៅតាមមុខជំនាញរបស់ខ្លួន ជាពិសេសការជំរុញអភិវឌ្ឍន៍វិស័យរ៉ែ ប្រេងកាត និងវិស័យអគ្គិសនីនៅកម្ពុជា ឲ្យកាន់រីកច្រើន ស័ក្ដិសមជាកូនចៅ និងអ្នកបន្តវេនជំនាន់ក្រោយ៕អត្ថបទ៖ សុន រ៉ាឌី