ខ្សែបម្រើព័រទុយហ្កាល់ Bernardo Silva បានចុះហត្ថលេខាបន្តកិច្ចសន្យាបន្ថែមមួយឆ្នាំទៀតជាមួយ Manchester City ដែលនឹងរក្សារូបគេនៅទឹកដី Etihad ដល់ឆ្នាំ ២០២៦។
កិច្ចសន្យាចាស់របស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះនឹងអស់សុពលភាពនៅដំណាច់រដូវកាលនេះ ស្របពេលមានដំណឹងចង់បានពីក្លិបធំៗជាច្រើនដូចជា Barcelona និង Paris Saint Germain ជាពិសេសពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal។
Bernardo Silva គឺជាសមាជិកមិនអាចខ្វះបានរបស់លោក Pep Guardiola ដែលឈ្នះជើងឯក English Premier League ៥ លើកតាំងពីផ្លាស់ពី Monaco។
រដូវកាលមុនដែល Manchester City ឈ្នះជើងឯក ៣ ពានសំខាន់ៗ Bernardo Silva បង្ហាញខ្លួនសរុបបាន ៥៥ ប្រកួតគ្រប់ក្របខណ្ឌ ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និង ៨ បាល់បញ្ជូន។
ការសម្រេចស្នាក់របស់ Silva ក៏បានកាត់បន្ថយភាពតានតឹងរបស់ City ខ្លះដែរបន្ទាប់ពីមិត្តរួមក្រុម Ilkay Gundogan ចាកចេញទៅ Barcelona, Riyad Mahrez ផ្លាស់ទៅ Al-Ahli ស្របពេលខ្សែការពារ Aymeric Laporte ក៏នឹងចាកចេញទៅកាន់ Al-Nassr ផងដែរ។
Manchester City ចាប់ផ្តើមពីរប្រកួតដំបូងរបស់ខ្លួននៅ Premier League រដូវកាលនេះជាមួយនឹងជ័យជំនះនៅទឹកដី Burnley ៣-០ និងឈ្នះ Newcastle នៅ Etihad ១-០៕ អត្ថបទ៖នាង សុភាវុធ