កីឡាករវាយកូនបាល់អាមេរិក ដែលគេស្គាល់ថាកីឡាករចេញសេវាខ្លាំង John Isner បានប្រកាសគម្រោងចូលនិវត្តន៍ពីអាជីពរបស់ខ្លួនក្រោយចប់ Grand Slam, US Open ឆ្នាំនេះ។
កីឡាករវ័យ ៣៨ ឆ្នាំរូបនេះបានចាប់ផ្តើមអាជីពវាយកូនបាល់របស់ខ្លួននៅឆ្នាំ ២០០៧ និងធ្លាប់ឡើងចំណាត់ថ្នាក់ពិភពលោកល្អបំផុតលេខ ៨។
John Isner ធ្លាប់ឈ្នះជើងឯកសរុប ១៦ កម្មវិធីឯកត្តជន ហើយជើងឯកធំបំផុតនោះគឺ Miami Open នៅឆ្នាំ ២០១៨ ដែលជារដូវកាលល្អបំផុតរបស់ខ្លួន។
Isner ធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wimbledon នៅឆ្នាំ ២០១៨ និងវគ្គ ៨ នាក់ចុងក្រោយ US Open ពីរលើកនៅឆ្នាំ ២០១១ និង ២០១៨។

John Isner បច្ចុប្បន្នកំពុងកាន់កំណត់ត្រាវាយសេវាបានពិន្ទុច្រើនជាងគេនៅ ATP Tour សរុប ១៤៤១១ លើក និងជាកីឡាករដែលចេញសេវាលឿនបំផុតដែលមានល្បឿនគ្រាប់បាល់ដល់ទៅ ២៥៣ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿនលឿនបំផុតនេះធ្វើបាននៅជុំទី ១ Davis Cup កាលពីឆ្នាំ២០១៦។
មិនត្រឹមតែប៉ុណ្ណេះទេ John Isner គឺជាកីឡាករដែលឈ្នះការប្រកួតប្រើពេលយូរបំផុតមិនធ្លាប់មាន ១១ ម៉ោង ៥ នាទីប្រើពេលដល់ទៅ ៣ ថ្ងៃនៅ Wimbledon គឺជំនួបដែលគេយកឈ្នះកីឡាករបារាំង Nicolas Mahut នៅជុំទី ១ Wimbledon កាលពីឆ្នាំ ២០១០ ដោយលទ្ធផល ៦-៤ ៣-៦ ៦-៧(៧-៩) ៧-៦(៧-៣) និងសិតចុងក្រោយ ៧០-៦៨៕ អត្ថបទ៖នាង សុភាវុធ

