ឈីលី ៖ រូបភាពវីដេអូឃ្លីបឃើញអគារផ្ទះល្វែងនៅក្នុងប្រទេសឈីលីដែលស្ថិតនៅលើគេមបំណាក់ដីកាលពីថ្ងៃពុធ ក្រោយភ្លៀងធ្លាក់ខ្លាំង វាយប្រហារតំបន់ភាគកណ្តាលប្រទេសមួយនេះ កាលពីពេលយប់កន្លងទៅ ។
ក្រុមអាជ្ញាធរក្នុងស្រុកនៅទីក្រុង Vina Del Mar និយាយថា ជើងភ្នំ និងផ្លូវដែលបានបាក់ស្រុត ធ្វើឲ្យអគារផ្ទះល្វែងដ៏ប្រណីតនេះ ស្ថិតនៅចម្ងាយប្រហែល ១៥ម៉ែត្រប៉ុណ្ណោះ ពីបំណាក់ដី ។
មនុស្ស ២៥នាក់ដែលរស់នៅក្នុងអគារ ត្រូវបានជម្លៀសចេញកាលពីព្រឹកថ្ងៃពុធ ហើយក្រុមអាជ្ញាធរបានរាយការណ៍ថា គ្មានករណីស្លាប់មនុស្ស ឬរងរបួសនោះទេ ។
កាលពីថ្ងៃចន្ទកន្លងទៅ ប្រធានាធិបតីឈីលីលោក Gabriel Boricបានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ននៅតំបន់ចំនួន ៤ ស្របពេលដែលភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគកណ្តាលឈាងខាងត្បូងប្រទេស ធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់ ។
អភិបាលក្រុង Vina Del Mar លោក Macarena Ripamonti និយាយថា ពួកយើងមិនអាចបណ្តោយឲ្យជីវិតមនុស្សស្ថិតក្នុងហានិភ័យនោះទេ ។ ពួកយើងនឹងតាមដានទាំងថ្ងៃ ទាំងយប់នូវអ្វីដែលនឹងកើតឡើងលើកំណាត់ផ្លូវមួយនេះ ដើម្បីការពារការបាត់បង់ជីវិត និងហានិភ័យចំពោះអ្នកជិតខាង ។
លោកបន្តថា ពួកយើងនឹងជម្លៀសមនុស្សចេញ ហើយនិងយករថយន្តចេញ ។ គ្មានអ្វីកើតឡើងចំពោះអគារនេះទេ ប៉ុន្តែផ្លូវនឹងបាក់ស្រុត ៕



