ក្រិក៖ ក្រុមពន្លត់អគ្គិភ័យប្រទេសក្រិកគាំទ្រដោយយន្តហោះជំនួយ បានទប់ទល់ជាមួយនឹងចំហេះដែលឆេះរាលដាលនៅខាងក្រៅទីក្រុងអាថែន សម្រាប់ថ្ងៃទីពីរកាលពីថ្ងៃពុធ ដោយនោះជាចំហេះមួយក្នុងចំណោមចំហេះរាប់រយករណី ដែលបានបង្កការបំផ្លាញទូទាំងប្រទេសក្រិក ដោយករណីចំហេះព្រៃបានសម្លាប់មនុស្សយ៉ាងហោចណាស់២០នាក់ក្នុងសប្តាហ៍នេះ។
មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទូទាំងប្រទេស ចាប់តាំងពីចំហេះបានផ្ទុះឡើងនៅភាគខាងជើងនៃប្រទេសក្រិកកាលពីថ្ងៃសៅរ៍ ដែលបណ្តាលមកពីកម្ដៅ និងខ្យល់បក់ខ្លាំងនៅក្នុងចំហេះព្រៃធំទីពីរនៃរដូវក្តៅនេះ។ ទីភ្នាក់ងារវិបត្តិអាកាសធាតុ និងរដ្ឋមន្ត្រីការពារជនស៊ីវិល លោក Vassilis Kikilias បាននិយាយថា ចំហេះព្រៃចំនួន៣៥៥ករណីបានកើតឡើងចាប់តាំងពីថ្ងៃសុក្រ រួមទាំងចំហេះចំនួន២០៩ករណីដែលកើតឡើងក្នុងរយៈពេល៤៨ម៉ោងចុងក្រោយនេះ។
លោក Kikilias បាននិយាយថា ក្រុមពន្លត់អគ្គិភ័យកំពុងខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ចំហេះទាំងនោះ។ កងកម្លាំងពន្លត់អគ្គិភ័យបានព្រមានថា ចំហេះអាចផ្ទុះឡើងកាន់តែច្រើន ហើយអ្នកនាំពាក្យកងកម្លាំងពន្លត់អគ្គិភ័យ Ioannis Artopios បាននិយាយថា លក្ខខណ្ឌចំហេះនៅតែពិបាកគ្រប់គ្រង ហើយមានករណីចំហេះធ្ងន់ធ្ងរច្រើនខ្លាំងពេក។
រដ្ឋធានីប្រទេសក្រិកមួយនេះ ត្រូវបានគ្របដណ្ដប់ដោយផ្សែង និងផេះ ចាប់តាំងពីចំហេះបានផ្ទុះឡើងកាលពីថ្ងៃអង្គារមក។ គិតត្រឹមថ្ងៃពុធ មនុស្សប្រហែល១៥០នាក់ត្រូវបានជម្លៀសដោយរថយន្តក្រុងពីមណ្ឌលថែទាំបីនៅតំបន់ Menidi ទៅកាន់សណ្ឋាគារ ឬកន្លែងថែទាំផ្សេងទៀត។ នគរបាលបានបញ្ជាឲ្យអ្នកស្រុកផ្សេងទៀតចាកចេញ ខណៈឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យបានប្រតិបត្តិការយ៉ាងសកម្ម ដោយទម្លាក់ទឹកដើម្បីពន្លត់អណ្តាតភ្លើងដ៏សន្ធោសន្ធៅនោះ៕

