រុស្ស៊ី៖ បាច់ផ្កាជាច្រើនត្រូវបានគេយកទៅដាក់ជាការគោរព ហើយទៀនត្រូវបានបំភ្លឺនៅជិតការិយាល័យទីក្រុង St. Petersburg នៃក្រុមទាហានស៊ីឈ្នួល Wagner នៅព្រលឹមថ្ងៃព្រហស្បតិ៍ (២៤ សីហា)នេះ បន្ទាប់ពីមានព័ត៌មានថា មេដឹកនាំក្រុមទាហានស៊ីឈ្នួលដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី លោក Yevgeny Prigozhin បានស្ថិតនៅលើយន្តហោះដែលបានធ្លាក់កាលពីល្ងាចថ្ងៃពុធ (២៣ សីហា) នៅភាគខាងជើងនៃទីក្រុងម៉ូស្គូ ដោយគ្មានអ្នករស់រានមានជីវិតនោះទេ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលរុស្ស៊ីបាននិយាយថា មេដឹកនាំទាហានស៊ីឈ្នួលរុស្ស៊ី Yevgeny Prigozhin ស្ថិតនៅក្នុងបញ្ជីអ្នកដំណើរនៃយន្តហោះដែលបានធ្លាក់ក្នុងប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះនោះ។ បណ្តាញសង្គមតេឡេក្រាមដែលភ្ជាប់ទៅតំបន់ប្រផេះក្រុម Wagner បានប្រកាសថា លោក Prigozhin បានស្លាប់ហើយ ហើយបានសាទរលោកថាជាវីរៈបុរស និងជាអ្នកស្នេហាជាតិ ដែលបានស្លាប់នៅក្នុងដៃរបស់មនុស្សមិនស្គាល់អត្តសញ្ញាណ។
ការស្លាប់របស់លោក Prigozhin នឹងធ្វើឲ្យក្រុម Wagner Group ដែលបង្កការខឹងសម្បារដល់លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន ក្នុងខែមិថុនា ដោយរៀបចំឱ្យមានបះបោរប្រដាប់អាវុធប្រឆាំងនឹងមេដឹកនាំកំពូលរបស់កងទ័ពមួយនេះ មិនមានអ្នកដឹកនាំ និងមានការចោទជាសំណួរអំពីប្រតិបត្តិការនាពេលអនាគតរបស់ក្រុមនេះនៅអាហ្វ្រិក និងកន្លែងផ្សេងទៀតផងដែរ៕


