ជប៉ុន៖ ក្រុមហ៊ុនថាមពលអគ្គិសនី Tepco របស់ជប៉ុន និយាយថា ពួកគេនឹងចាប់ផ្តើមបញ្ចេញទឹកបន្សាបវិទ្យុសកម្មចេញពីរោងចក្រនុយក្លេអ៊ែរ Fukushimaចូលទៅក្នុងមហាសមុទ្រនៅថ្ងៃព្រហស្បតិ៍នេះ ដូចតាមការគ្រោងទុក ប៉ុន្តែពួកគេនឹងបញ្ឈប់ប្រតិបត្តិការភ្លាមៗ បើសិនជាបញ្ហាណាមួយត្រូវបានរកឃើញ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានតាមអនឡាញចេញពីការិយាល័យនៅទីក្រុង Fukushimaរបស់ពួកគេ ក្រុមមន្រ្តីក្រុមហ៊ុន Tepcoបាននិយាយថា ការបញ្ចេញទឹកកាកសំណល់នេះ នឹងចាប់ផ្តើមនៅវេលាម៉ោង ១រសៀល ម៉ោងក្នុងស្រុក(ត្រូវនឹងម៉ោង ៤ ម៉ោងសកល) ។
ជប៉ុនបាននិយាយការពារថា ការបញ្ចេញទឹកបន្សាបនេះ មានសុវត្ថិភាព ស្របពេលដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)ដែលជាក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានបើកភ្លើងខៀវផងដែរសម្រាប់ផែនការមួយនេះ កាលពីខែកក្កដាកន្លងទៅ ដោយពួកគេនិយាយថា ផលប៉ះពាល់លើមនុស្ស និងបរិស្ថាន មានតិចតួចបំផុត ។
ការបញ្ចេញទឹកកាកសំណល់នេះដែរ គ្រោងនឹងបញ្ចេញក្នុងបរិមាណតិចតួចប៉ុណ្ណោះអំឡុងពេលដំបូង ហើយនិងមានការត្រួតពិនិត្យបន្ថែមទៀត ។
ការបញ្ចេញទឹកកាកសំណល់ដំបូងសរុប ៧.៨០០ម៉ែត្រគូប ដែលស្មើនឹងទឹកក្នុងអាងហែលទឹកកីឡាអូឡាំពិកចំនួន ៣អាង នឹងត្រូវធ្វើឡើងរយៈពេលប្រហែល ១៧ថ្ងៃ ។
ទោះបីជាយ៉ាងណាក៏ដោយ ផែនការបញ្ចេញទឹកកាកសំណល់នុយក្លេអ៊ែរ បានរងការរិះគន់យ៉ាងខ្លាំងពីចិន ដែលបានចាត់ទុកជប៉ុនថា អាត្មានិយម និងគ្មានទំនួលខុសត្រូវ ៕

