អេស៉្បាញ៖ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធថា អ្នកជម្លៀសខ្លួនជាង៨.០០០នាក់ពីចំហេះព្រៃ ដែលបានបំផ្លិចបំផ្លាញព្រៃឈើនៅលើកោះថេណេរីហ្វ (Tenerife) របស់អេស្ប៉ាញ អស់រយៈពេលជាងមួយសប្តាហ៍មក អាចត្រឡប់ទៅលំនៅឋានវិញបាន ខណៈដែលចំហេះត្រូវបានគ្រប់គ្រង។
ចំហេះដែលបានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែសីហា មកទល់ពេលនេះ បានបំផ្លាញព្រៃឈើជិត១៥.០០០ហិចតា នៅក្នុងឧទ្យានជាតិជុំវិញតំបន់ភ្នំភ្លើង Mount Teide ដែលជាកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ។ អ្នកស្រុកប្រហែល៣.០០០នាក់ នៅតែមិនទាន់អាចទៅផ្ទះរបស់ពួកគេវិញបានទេ។
ចំហេះត្រូវបានគ្រប់គ្រងមួយផ្នែកធំ លើកលែងតែក្នុងតំបន់មួយក្នុងភូមិ Guimar ប៉ុណ្ណោះ។ ក្រុមអាជ្ញាធរបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ មានចំហេះជាច្រើនដែលអាចដំណើរការឡើងវិញ ក្នុងអំឡុងពេលម៉ោងក្តៅបំផុត ហើយអាចឆ្លងកាត់ខ្សែគ្រប់គ្រងម្តងទៀត។
រហូតមកដល់ពេលនេះ ចំហេះព្រៃបានបំផ្លាញផ្ទៃដីចំនួន៦៥.១២៧ហិចតានៅក្នុងប្រទេសអេស្ប៉ាញ ស្របតាមមធ្យមភាគនៃទសវត្សរ៍ចុងក្រោយ ប៉ុន្តែទាបជាងចំនួន ២២៨.៨៦៣ហិចតា ដែលបានឆេះក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលជាឆ្នាំដ៏អាក្រក់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ នេះបើយោងតាមទិន្នន័យផ្លូវការ៕

