ភ្នំពេញ ៖ ប្រជាពលរដ្ឋក្រីក្រជាងជាង៣០០គ្រួសារ នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្ដសៀមរាប បានទទួលអំណោយពីព្រះសង្ឃ និងសប្បុរសជន ដើម្បីស្រាយជីវភាពក្នុងអំឡុងជំងឺកូវីដ១៩ និងគ្រោះជំនន់ទឹកភ្លៀង ។
ព្រះតេជគុណ ឡាច លាង ព្រះអនុគណក្រុងសៀមរាប និងជាព្រះចៅអធិការវត្ដពោធិវង្ស ក្រុងសៀមរាប មានដីកាថា ដើម្បីឆ្លើយតបនឹងតម្រូវការបញ្ហាជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋ ក្នុងអំឡុង ពេលជំងឺកូវីដ១៩នេះ ព្រះសង្ឃ និងសប្បុរសជន បាននាំយកអំណោយ និងថវិកាមួយចំនួនចែកជូន ប្រជាពលរដ្ឋទីទ័លក្រ ចំនួន៣១២គ្រួសារ ព្រមទាំងចែកដល់ប្រជាការពារ សមត្ថកិច្ចនៅសង្កាត់ចុង ឃ្នៀស ក្រុងសៀមរាប ដើម្បីដោះស្រាយឱ្យទាន់ពេលវេលាក្នុងអំឡុងពេល ដែលពួកគេ កំពុងជួបបញ្ហាកូវីដ ១៩នេះ។
ព្រះអង្គរ បានបន្ដថា អំណោយនេះមិនច្រើនណាស់ណានោះទេ ប៉ុន្ដែអាចដោះស្រាយបានមួយ គ្រាៗដែរ ព្រោះនៅពេលនេះប្រទេសកម្ពុជា ក៏កំពុងជួបគ្រោះទឹកជំនន់ និងមានវិបត្ដិសេដ្ឋកិច្ចដោយសារ កូវីដ១៩ផងដែរ។ អំណោយទាំងនេះ ជាទឹកចិត្ដជ្រះថ្លាពីព្រះសង្ឃ និងសប្បុរសជននៅក្នុងស្រុក ដែលជា វប្បធម៌ចែករំលែក ខ្មែរជួយខ្មែរ៕
អត្ថបទ៖ ឈិត សាវី





