បារាំង៖ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកឡើងភ្នំបាននិយាយកាលពីថ្ងៃពុធ (២៣ សីហា) ថា កំណើនសីតុណ្ហភាពរបស់អឺរ៉ុប ក៏កំពុងវាយប្រហារដល់កំពូលភ្នំខ្ពស់បំផុតក្នុងតំបន់ផងដែរ គឺភ្នំ Mont Blanc ជាមួយនឹងហានិភ័យខ្ពស់នៃការធ្លាក់ផ្ទាំងថ្ម និងស្នាមប្រេះថ្មីបើកនៅលើផ្ទាំងទឹកកករបស់ភ្នំនេះ។
ប្រទេសបារាំង បានប្រកាសអាសន្នពណ៌ក្រហមកាលពីថ្ងៃពុធ (២៣ សីហា) នៅពេលដែលទែម៉ូម៉ែត្រនៅទីក្រុង Ganges ( កងហ្ស៍) ភាគខាងត្បូង បានឡើងដល់កម្រិត៤១អង្សាសេ ខណៈដែលឱសថការីក្នុងតំបន់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា សីតុណ្ហភាពបានឡើងដល់កម្រិត៤២អង្សារសេនៅមុននោះបន្តិច។
ក្រុមអាជ្ញាធរបានពង្រីកការប្រកាសអាសន្នអំពីរលកកម្តៅសម្រាប់ភាគខាងត្បូងកាលពីថ្ងៃអង្គារ ហើយក្រុមមន្ត្រីបានជំរុញឱ្យអ្នកឡើងភ្នំមួយចំនួនពន្យារពេលសកម្មភាពរបស់ពួកគេ ខណៈដែលអ្នករើសផ្លែទំពាំងបាយជូរត្រូវបានណែនាំឱ្យចាប់ផ្តើម និងបញ្ចប់ការងាររបស់ពួកគេនៅពេលព្រឹក ដើម្បីជៀសវាងការប៉ះពាល់ពីរលកកម្ដៅដ៏ខ្លាំងនេះ៕

