ស៊ីរី៖ ក្រុមបាតុករខឹងសម្បា បានឆ្មក់ចូលការិយាល័យក្នុងតំបន់របស់គណបក្ស Baath ដែលកំពុងកាន់អំណាចនៅខេត្តភាគខាងត្បូងប្រទេសស៊ីរី កាលពីថ្ងៃពុធ ខណៈដែលការតវ៉ាកាន់តែខ្លាំងឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសក្នុងអំឡុងពេលវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្ងន់ធ្ងរដែលកំពុងវាយលុកប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ។
ក្រុមសកម្មជនប្រឆាំង បាននិយាយថា ក្រុមអ្នកតវ៉ា ក៏បានបិទផ្លូវមួយផ្នែកផងដែរ ដែលតភ្ជាប់ពីខេត្តស្វេដា (Sweida)ភាគច្រើនកាន់និកាយឌ្រូស(Druze) ទៅកាន់រដ្ឋធានីដាម៉ាស នៅក្នុងការប្រមូលផ្តុំប្រឆាំងរដ្ឋាភិបាលដែលបានផ្ទុះឡើងកាលពីយប់ថ្ងៃអង្គារ។
បាតុកម្មត្រូវបានបង្កឡើងដោយស្ថានភាពរស់នៅកាន់តែអាក្រក់ និងអតិផរណា ដែលបានកើនឡើង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតី លោកបាសា អាសាដ(Bashar Assad) កាលពីសប្តាហ៍មុន ក្នុងការបង្កើនប្រាក់ឈ្នួល និងប្រាក់សោធនក្នុងវិស័យសាធារណៈទ្វេដង។
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរី បានព្រមានថា សេដ្ឋកិច្ចដែលដួលរលំរបស់ប្រទេសនេះ នឹងកាន់តែអាក្រក់ទៅៗ ដរាបណាជម្លោះជាង១២ឆ្នាំនៅតែបន្ត ហើយដំណោះស្រាយនយោបាយ នៅតែត្រូវបានរារាំងនោះ។

