ន័រវែស៖ ក្រុមហ៊ុនថាមពលន័រវែស ឈ្មោះ អេឃ្វីន័រ (Equinor) និងដៃគូរបស់ខ្លួន បានសម្ពោធកសិដ្ឋានខ្យល់បណ្តែតទឹកដ៏ធំបំផុតក្នុងពិភពលោកកាលពីថ្ងៃពុធ (២៣ សីហា) ដែលទិន្នផលពីកសិដ្ឋាននេះ នឹងផ្គត់ផ្គង់បណ្ដាញប្រេង និងឧស្ម័ននៅក្បែរនោះ ព្រមទាំងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ផងដែរ។
កសិដ្ឋានខ្យល់ Hywind Tampen ដែលក្រុមហ៊ុន អេឃ្វីន័រ កំពុងចាប់ដៃគូជាមួយក្រុមហ៊ុនប្រេងផ្សេងទៀត រួមមានក្រុមហ៊ុន OMV និងក្រុមហ៊ុនVaar Energi ដែលភាគច្រើនគ្រប់គ្រងដោយសម្ព័ន្ធ ENI បានចាប់ផ្តើមផលិតថាមពលនៅក្នុងខែវិច្ឆិកាឆ្នាំមុន ជាមួយនឹងទិន្នផលពេញលេញបានឈានដល់ដើមខែនេះផងដែរ។
កសិដ្ឋានខ្យល់នេះ ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO2) ដល់ទៅ២០០.០០០តោនក្នុងមួយឆ្នាំ ឬស្មើនឹង០,៤% នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីត សរុបរបស់ប្រទេសន័រវេសក្នុងឆ្នាំ២០២២។
អ្នកបរិស្ថានខ្លះនិយាយថា វិធានការនេះគឺមានភាពវិជ្ជមាន ដោយសារវាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត របស់ប្រទេស ខណៈអ្នកផ្សេងទៀតនិយាយថា ប្រទេសន័រវេស គួរតែបញ្ឈប់ការផលិតប្រេង និងឧស្ម័នជំនួសវិញ ដើម្បីការពារបរិស្ថាន៕


