អាមេរិក៖ កាលពីថ្ងៃពុធ (២៣សីហា) បេក្ខជនប្រធានាធិបតីគណបក្សសាធារណរដ្ឋចំនួន៦រូប ក្នុងចំណោម៨រូប នៅក្នុងការជជែកដេញដោលលើកដំបូងនៅឆ្នាំ២០២៤ របស់គណបក្សរបស់ពួកគេ បានបង្ហាញថាពួកគេនឹងគាំទ្រអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីឆ្នាំ២០២៤ ទោះបីជាលោកត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋក៏ដោយ។
លោក ត្រាំ ដែលមិនបានចូលរួមការជជែកដេញដោលមួយនោះ បានត្រឹមតែព្យាយាមពង្រឹងការនាំមុខរបស់ខ្លួនក្នុងចំណោមអ្នកបោះឆ្នោតមកពីគណបក្សសាធារណរដ្ឋក្នុងការស្ទង់មតិ ទោះបីជាប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំនួន៤កេណីដាច់ដោយឡែកពីគ្នាក៏ដោយ។
អតីតអនុប្រធានាធិបតី លោក Mike Pence អភិបាលរដ្ឋហ្វ្លរីដា លោក Ron DeSantis អតីតអភិបាលរដ្ឋ South Carolina លោកស្រី Nikki Haley សមាជិកព្រឹទ្ធសភាអាមេរិក លោក Tim Scott សហគ្រិនបច្ចេកវិទ្យា លោក Vivek Ramaswamy និងអភិបាលរដ្ឋ North Dakota លោក Doug Burgum ទាំងអស់ បានលើកដៃឡើងគាំទ្រលោក ត្រាំ។
មានតែអតីតអភិបាលរដ្ឋ New Jersey លោក Chris Christie និងអតីតអភិបាលរដ្ឋ Arkansas លោក Asa Hutchinson ប៉ុណ្ណោះ ដែលបានវាយប្រហារលើកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ និងបានបដិសេធមិនលើកដៃនៅពេលសាកសួរនៅលើប្រព័ន្ធផ្សព្វផ្សាយ Fox News ថា តើពួកគេនឹងគាំទ្រលោក ត្រាំ ដែលត្រូវបានកាត់ទោសនោះដែរឬទេ៕

