អាមេរិក៖ បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋចំនួន៨រូប បានចោទដាក់នូវបញ្ហាជាច្រើនចាប់ពីបញ្ហាសេដ្ឋកិច្ច រហូតដល់បញ្ហាអាកាសធាតុ និងបញ្ហានៅប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ (២៣ សីហា) ក្នុងការប្រកួតប្រជែងសម្រាប់តំណែងបេក្ខជនប្រធានាធិបតី ដោយមិនមានវត្តមានរបស់លោក ដូណាល់ ត្រាំ ក្នុងការជជែកដេញដោលលើកដំបូងនៃឆ្នាំ២០២៤។
ជជែកដេញដោលបឋមដំបូងនៃយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ បានបិទបញ្ចប់នៅទីក្រុង Milwaukee សហរដ្ឋអាមេរិក។ បេក្ខជនប្រធានាធិបតីទាំងប្រាំបីរូប កំពុងព្យាយាមបកស្រាយគុណសម្បត្តិរបស់ពួកគេ ថាហេតុអ្វីបានជាពួកគេជាជម្រើស ដែលអាចទទួលបានជោគជ័យបំផុតទល់នឹងបេក្ខជនជួរមុខលោក ដូណាល់ ត្រាំ។ ការជជែកដេញដោលគ្នានេះ បានធ្វើឡើងនៅចំពោះមុខហ្វូងមនុស្សប្រហែល៤.០០០នាក់នៅវេទិកា Fiserv ក្នុងទីក្រុង Milwaukee។
ដោយគ្មានវត្តមានលោក ត្រាំ គូប្រជែងរបស់លោក បានវិះគន់គ្នាទៅវិញទៅមក ហើយក៏បានវាយប្រហារលោកប្រធានាធិបតី ចូ បៃដិន ផងដែរ ដើម្បីព្យាយាមលេចចេញជាជម្រើសបេក្ខជនដែលអាចទទួលបានជោគជ័យបំផុត នៅរយៈពេលប្រាំខែមុនពេលការប្រកួតជ្រើសរើសបេក្ខជនប្រធានាធិបតីនៅរដ្ឋ Iowa និង រយៈពេលជាង១៤ខែមុនការបោះឆ្នោត។
គួររម្លឹកផងដែរថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន៤ករណីដាច់ដោយឡែកពីគ្នា ហើយការជជែកដេញដោលនៅយប់នេះ បានកើតឡើងនៅមុនថ្ងៃនៃការចូលខ្លួនដែលរំពឹងទុករបស់លោកនៅក្នុងសំណុំរឿងព្យាយាមបង្វែរលទ្ធផលការបោះឆ្នោតរដ្ឋ Georgia ឆ្នាំ២០២០៕

