កូឡុំប៊ី៖ ក្រុមបាតុករបានតវ៉ានៅខាងក្រៅព្រឹទ្ធសភាប្រទេសកូឡុំប៊ី ទាមទារឲ្យអ្នកតំណាងបណ្ដេញចេញ និងកាត់ទោសរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Diego Molano ដោយអះអាងថា មនុស្សជាច្រើននាក់ត្រូវបានសម្លាប់ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាល។

លោក Molanno ត្រូវបានកំណត់ពេល ដើម្បីបង្ហាញខ្លួនក្នុងសភានៅថ្ងៃអង្គារនេះ។ បាតុកម្មជាច្រើនបានចាប់ផ្ដើមនៅចុងខែមេសា បន្ទាប់ពីប្រធានាធិបតី លោក Ivan Duque បានស្នើសុំផែនការមួយដើម្បីដំឡើងពន្ធ ដែលបានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនរាប់លាននាក់ ដែលប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះអំឡុងពេលមានជំងឺឆ្លងរាលដាល។ ចាប់តាំងពីពេលនោះមក ក្រុមបាតុករមានការប្រឆាំងយ៉ាងខ្លាំងចំពោះការកើនឡើងភាពក្រីក្រ និងវិសមភាពនៅក្នុងប្រទេសកូឡុំប៊ី។ បាតុកម្មជាច្រើន រួមទាំងការដើរក្បួនកាត់តាមទីក្រុងធំៗ ដែលពេលខ្លះបានប៉ះទង្គិចអំពើហិង្សាជាមួយនគរបាល។
នៅក្នុងតំបន់មួយចំនួនរបស់ប្រទេសកូឡុំប៊ី ក្រុមអ្នកតវ៉ាបានរៀបចំបិទផ្លូវ ដែលកាលពីពេលថ្មីៗនេះនាំទៅរកកង្វះប្រេងឥន្ធនៈ កើនឡើងតំលៃអាហារ និងបង្ខំឲ្យរោងចក្រជាច្រើនបិទទ្វារ។ ក្រុមសិទ្ធមនុស្ស ដូចជាអង្គការឃ្លាំមើលសិទ្ធមនុស្សនិយាយថា កំណើនអ្នកស្លាប់ចាប់តាំងពីការតវ៉ាបានកើនឡើងដល់ ៥៥នាក់។ ក្រសួងការពារជាតិនិយាយថា កាលពីសប្ដាហ៍មុនជនស៊ីវិល ១៥នាក់បានស្លាប់ក្នុងពេលតវ៉ា៕
អត្ថបទ៖ ប៊ុនថន