អ៊ុយក្រែន៖រុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើគោលដៅនានារបស់អ៊ុយក្រែន រួមទាំងប៉ុស្តិ៍បញ្ជាការ ខណៈអ៊ុយក្រែនបានអះអាងថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់រុស្ស៊ីរាប់សិបគ្រឿង។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយក្នុងរបាយការណ៍ស្តីពីដំណើរវិវឌ្ឍន៍ប្រចាំថ្ងៃនៃ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនថា កងកម្លាំងរុស្ស៊ីបានវាយទប់ការរវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Kupyansk តំបន់ Krasny Liman ទីក្រុង Donetsk និងទិសដៅផ្សេងទៀត ដោយវាយលុកគោលដៅរបស់សត្រូវរួមមានរថក្រោះ ប៉ុស្តិ៍បញ្ជាការ ស្ថានីយ៍រ៉ាដាសម្រាប់ការវាយបកក្នុងសមរភូមិ ព្រមទាំងកន្លែងសម្រាប់ស្វែងរក និងតាមដានគោលដៅអាកាសផងដែរ។
ក្រសួងបានបន្ថែមថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក៏បានស្ទាក់ចាប់រ៉ុកែតគ្រាប់ច្រើន ប្រភេទ HIMARS និងបានបំផ្លាញយានដ្រូនរបស់អ៊ុយក្រែនចំនួន១៨គ្រឿងផងដែរ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយនៅក្នុងសារបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកថា ការប្រយុទ្ធយ៉ាងខ្លាំងក្លាប្រឆាំងនឹងយោធារុស្ស៊ី បានបន្តក្នុងទិសដៅរួមទាំងទីក្រុង Melitopol ផងដែរ។
ក្រសួងបានបន្តថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ កងកម្លាំងរបស់អ៊ុយក្រែនបានធ្វើការវាយប្រហារតាមផ្លូវអាកាសទៅលើក្រុមបុគ្គលិកយោធា សព្វាវុធ និងគ្រឿងយុទ្ធោបករណ៍។ ពួកគេក៏បានវាយប្រហារលើប៉ុស្តិ៍បញ្ជាការរបស់កងទ័ពរុស្ស៊ី និងប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ ព្រមទាំងបានបំផ្លាញយានដ្រូនសត្រូវចំនួន ១២ គ្រឿងផងដែរ៕

