កូរ៉េខាងត្បូង ៖ អ្នករៀបចំម្នាក់និងសាក្សីសារព័ត៌មានរ៉យទ័រ បានិយាយថា នគរបាលប្រទេសកូរ៉េខាងត្បុង បានចាប់ខ្លួននិស្សិតយ៉ាងហោចណាស់១៤នាក់នៅថ្ងៃព្រហស្បតិ៍នេះ ជាអ្នកដែលបានសម្រុកចូលអគារស្ថានទូត ជប៉ុនក្នុងទីក្រុងសេអ៊ូល ដើម្បីតវ៉ាប្រឆាំងការបញ្ចេញទឹកសំណល់មានសារធាតុវិទ្យុសកម្មរបស់ទីក្រុងតូក្យូ ពីរោងចក្រនុយក្លេអ៊ែរ Fukushima ។
ក្រុមដែលភាគច្រើនជាមនុស្សវ័យក្មេងបានឡើងទៅដល់ជាន់ទី៨នៃអគារ ជាកន្លែងដែលស្ថានទូតស្ថិតនៅទីនោះ និងបានព្យួរបដាថ្កោលទោសការបញ្ចេញទឹកសំណល់នោះ។
មន្ត្រីនគរបាលត្រូវបានគេឃើញកាន់និងទាញអ្នកតវ៉ាមួយចំនួនចេញពីអគារ មុនពេលចងពួកគេដាក់ចូលទៅក្នុងរថយន្ត។ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមបញ្ចេញទឹកមានសារធាតុវិទ្យុសកម្មដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ដែលមិនដំណើរការ ចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិក ជាវិធានការធ្វើឲ្យមានភាពចម្រូងចម្រាស់ ដែលមានការរិះគន់ខ្លាំងពីជុំវិញតំបន់។

