ចិន ៖ ការិយាល័យរដ្ឋបាលគយចិន (GAC) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលរបស់ប្រទេសចិន បាននិយាយថា ខ្លួនសម្រេចផ្អាកនាំចូលអាហារសមុទ្រពីប្រទេសជប៉ុនគ្រប់យ៉ាង ដើម្បីឆ្លើយតបទៅនឹងការចាប់ផ្តើមបញ្ចេញទឹកសំណល់ ដែលត្រូវបានធ្វើប្រព្រឹត្តិកម្មហើយចេញពីរោងចក្រថាមពលនុយក្លេអ៊ែរដែលរងការខូចខាត Fukushima Daiichi។ វិធានការនេះ ប៉ះពាល់ដល់ផលិតនេសាទជាច្រើនរបស់ប្រទេសជប៉ុន ហើយចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ (ទី២៤ ខែសីហា) នេះ។
ប្រធានការិយាល័យសុវត្ថិភាពចំណីអាហារនាំចូល និងនាំចេញរបស់ GAC បានលើកឡើងថា រដ្ឋាភិបាលជប៉ុន ដោយមិនយកចិត្តទុកដាក់លើការសង្ស័យ និងការប្រឆាំងយ៉ាងខ្លាំងរបស់អន្តរជាតិ បានចាប់ផ្តើមជាឯកតោភាគី ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលបានបំផ្លាញចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅថ្ងៃព្រហស្បតិ៍នេះ។
មន្ត្រីរូបនេះ បានប្រាប់ថា អាជ្ញាធរគយចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះហានិភ័យនៃការបំពុលដោយវិទ្យុសកម្ម ដែលបង្កឡើងដោយសកម្មភាពបញ្ចេញទឹកនេះ ចំពោះចំណីអាហារ និងផលិតផលកសិកម្មរបស់ជប៉ុន ដែលកំពុងត្រូវបាននាំចេញមកកាន់ប្រទេសចិន។
ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ប្រទេសចិន ក៏ដូចជាបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោកស្តីពីការអនុវត្តវិធានការអនាម័យ និងភូតគាមអនាម័យ GAC បានសម្រេចចាត់វិធានការណ៍ត្រួតពិនិត្យឲ្យកាន់តែប្រសើរឡើងទាក់ទងនឹងចំណីអាហារ ដែលមានប្រភពមកពីប្រទេសជប៉ុន។
GAC នឹងតាមដានយ៉ាងយកចិត្តទុកដាក់នូវការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែររបស់ជប៉ុនទៅក្នុងមហាសមុទ្រ ហើយនឹងកែសម្រួលវិធានការបទប្បញ្ញត្តិពាក់ព័ន្ធនានា នៅពេលដែលស្ថានភាព មានការប្រែប្រួល៕

