អាមេរិក ៖ ទោះបីជាបានគូររូបភាពសុទិដ្ឋិនិយមយ៉ាងទូលំទូលាយនៃការជឿនលឿនក្នុងដំណើរការសន្តិភាពក្នុងប្រទេសយ៉េម៉ែនក្នុងរយៈពេល១៨ ខែចុងក្រោយនេះ រួមទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ខែមេសា ឆ្នាំ ២០២២រវាងរដ្ឋាភិបាលរបស់ប្រទេសនេះ និងពួកឧទ្ទាមហ៊ូធី ( Houthi)ក្តី ក៏បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសនេះ លោក ទីម ឡែនឌឺឃីង (Tim Lenderking) បាននិយាយថា ផ្លូវឆ្ពោះទៅមុខ នៅតែមានលំបាកនិងតឹងតែង។
លោកបានបន្ថែមថា បន្ទាប់ពីការស្តារឡើងវិញនូវទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់ នាពេលថ្មីៗនេះដែលគាំទ្រនិងផ្តល់អាវុធដល់ពួកហ៊ូធី ពិភពលោក«ចាំបាច់ត្រូវតាមដានការប្តេជ្ញាចិត្តដែលអ៊ីរ៉ង់បានធ្វើចំពោះប្រទេសយេម៉ែន»។
លោកឡែនឌឺឃីង ដែលបានត្រឡប់មកវិញក្នុងសប្តាហ៍នេះពីការធ្វើដំណើរផ្លូវការទៅកាន់មជ្ឈិមបូព៌ាសម្រាប់កិច្ចពិភាក្សាស្តីពីប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃពុធ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតដែលរៀបចំដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
លោកបាននិយាយថា៖«យើងមានអារម្មណ៍ថា វិធានការណាមួយដែលប្រទេសក្នុងតំបន់អនុវត្ត ដើម្បីធ្វើឲ្យភាពតានតឹងក្នុងតំបន់ធូរស្រាលនោះ នឹងផ្តល់ផលប្រយោជន៍ដល់តំបន់ ហើយនោះពិតជាការរីកចម្រើននៅក្នុងជម្លោះយេម៉ែន»។

