ជប៉ុន ៖ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុនលោក Hirokazu Matsunoបាននិយាយថា ការបាញ់មីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ បន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែតរបស់ពួកគេ ។
លោក Matsunoនិយាយថា បំណែករ៉ុក្កែតបានធ្លាក់ចូលក្នុងសមុទ្រលឿង សមុទ្រចិនខាងកើត និងមហាសមុទ្រប៉ាស៊ីហ្វិក ។លោក Matsunoបន្តទៀតថា បើទោះបីជាការបាញ់រ៉ុក្កែតនេះមានគោលបំណងសម្រាប់ផ្កាយរណបក៏ដោយ វាបានប្រឆាំងនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ(UN)ដែលហាមប្រាមកូរ៉េខាងជើងពីការបាញ់អ្វីមួយដែលប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលបាលីស្ទិក ។ វាគឺជាបញ្ហាធ្ងន់ធ្ងរធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាពប្រជាពលរដ្ឋជប៉ុន ។ ពួកយើងសូមធ្វើការតវ៉ាប្រឆាំងកូរ៉េខាងជើង ហើយនិងថ្កោលទោសពួកគេក្នុងលក្ខខណ្ឌខ្លាំងក្លាបំផុត ។
សារព័ត៌មានកូរ៉េខាងជើង បានរាយការណ៍ថា ការប៉ុនប៉ងលើកទី ២របស់ទីក្រុងព្យុងយ៉ាង ក្នុងការបញ្ជូនផ្កាយរណបចារកម្មទៅកាន់គន្លងតារាវិថីបានបរាជ័យនៅថ្ងៃព្រហស្បតិ៍នេះ ក្រោយកម្លាំងជម្រុញរ៉ុក្កែតជួបបញ្ហា អំឡុងពេលដំណាក់កាលទី ៣របស់វា ស្របពេលដែលក្រុមអាជ្ញាធរអវកាសរបស់ពួកគេ សន្យាថានឹងសាកល្បងម្តងទៀតនៅខែតុលាខាងមុខ ។
ដោយឡែក ការសាកល្បងលើកដំបូងរបស់ពួកគេកាលពីខែឧសភា បានបញ្ចប់ទៅដោយបរាជ័យដូចគ្នា ពេលដែលរ៉ុក្កែតប្រភេទថ្មី Chollima-1 បានធ្លាក់ចូលសមុទ្រ ៕

